ភ្នំពេញ៖ ក្នុងកិច្ចប្រជុំមួយនៅខេត្តព្រះសីហនុ នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រសួង គ្រោងនឹងយកបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចុងឆ្នាំ២០២០នេះ ជាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធានាសុវត្ថិភាពទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា «ក្នុងករណីដែលសភាពការណ៍កូវីដបានធូរស្រាល ហើយរាជរដ្ឋាភិបាលអនុញ្ញាត ក្រសួងទេសចរណ៍គ្រោងកំណត់យកការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២០នេះ ជាយុទ្ធនាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធានាបានសុវត្ថិភាពទេសចរណ៍ ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិថា កម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានគុណភាពសេវាកម្មទេសចរណ៍ល្អប្រសើជាងមុន»។
លោករដ្ឋមន្ត្រី បានបន្តថា ការរៀបចំទីក្រុងទំនើបនៅក្រុងព្រះសីហនុ បាននិងកំពុងធ្វើប្រកបដោយភាពទាក់ទាញ រីឯប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក៏ជិតបង្ហើយការរៀបចំដែរ ប៉ុន្តែគុណភាពសេវាកម្មទេសចរណ៍ និងការរៀបចំកែលម្អរមណីយដ្ឋាន ឆ្នេរសមុទ្រ ក៏ត្រូវបន្តការរៀបចំឱ្យល្អប្រសើរផងដែរ ដើម្បីត្រៀមឱ្យបានរួចស្រេចនៅពេលកំណើនភ្ញៀវទេសចរណ៍ងើបឡើងវិញ ពិសេសនៅពេលភ្ញៀវទេសចរក្នុងស្រុកកំពុងមានសកម្មភាពងើបឡើងវិញ បូករួមនឹងការដាក់ឱ្យអនុវត្តក្រមប្រតិបត្តិ និងវិធានសុវត្ថិភាពទេសចរណ៍ថ្មី (New Normal) ដែលមាននៅក្នុងសេវាកម្មទេសចរណ៍នានា។
លោក បានបន្តណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំកែលម្អឡើងវិញនូវបញ្ជរព័ត៌មានទេសចរណ៍ ដើម្បីផ្ដល់ភាពងាយស្រួយដល់ទេសចរ ក្នុងការទទួលបានព័ត៌មានទេសចរណ៍នៅក្នុងខេត្ត ឬនៅតាមគោលដៅទេសចរណ៍នានា ពិសេសត្រូវរៀបចំឱ្យមានសៀវភៅបង្ហាញផ្លូវទេសចរណ៍ (Book Guide) និងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។
ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាចុងឆ្នាំ២០២០។ លោកអភិបាលខេត្ត បានណែនាំទៅកាន់មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធត្រូវចូលរួមសហការអនុវត្តកិច្ចការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ខាងមុខនេះឱ្យបានសស្រាក់សស្រាំ ពិសេសមន្ទីររ៉ែ និងថាមពលត្រូវពន្លឿនលើការងារតបណ្ដាញអគ្គិសនីនៅតាមផ្លូវថ្មីៗ។ ចំណែកមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវពន្លឿនការតបណ្ដាញទឹកស្អាតនៅតាមតំបន់ផ្សេងទៀតផងដែរ ពិសេសគឺទៅដល់ទីតាំងដែលត្រៀមប្រារព្ធពិធីឱ្យបានកាន់តែឆាប់៕
ដោយ៖CEN