ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានស្នើសុំឲ្យក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&Mបន្តធ្វើការបញ្ជាទិញពីកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបតំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ដឹកនាំដោយលោក ម៉ាតធ្យូ អាំស្ត្រង (Matthew Armstrong) នាយកផ្នែកបញ្ជាទិញនៃការិយាល័យតំណាងក្រុមហ៊ុន Adidas និងលោក គ្រីស្តឺ ហ៊ន អាហ្វ អាមីន (Christer Horn af Aminne) នាយកផ្នែកផលិតកម្មទទួលបន្ទុកប្រទេសកម្ពុជា និងវៀតណាម នៃក្រុមហ៊ុន H&M។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនតំណាងក្រុមហ៊ុនទាំងពីរ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដោយនាពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងតែធ្វើការចរចា និងសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួន។
ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យក្រុមហ៊ុនបន្តធ្វើការបញ្ជាទិញពីកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ។
ក្រុមហ៊ុនទាំងពីរបានឆ្លើយតបជាវិជ្ជមានជាមួយនឹងប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងទទួលធ្វើការបន្ថែមជាមួយរាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិស័យកាត់ដេរនៅកម្ពុជា៕
ដោយ៖កូឡាប