Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស្រ៊ុន ពៅ​៖ សព្វថ្ងៃ ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក អាច​ផ្គត់ផ្គង់​ទីផ្សារ​បានជា​មធ្យម​ប្រមាណ ៥០០០​ទៅ ៦០០០​ក្បាល ក្នុង​មួយថ្ងៃ​

​ភ្នំពេញ​៖ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានឱ្យដឹងថា ការចិញ្ចឹម​ជ្រូក​នៅក្នុង​ស្រុក​សព្វថ្ងៃ​អាច​ផ្គត់ផ្គង់​ទីផ្សារ បានជា​មធ្យម​ប្រមាណ ៥០០០​ទៅ ៦០០០​ក្បាល ក្នុង​មួយថ្ងៃ ខណៈ​តម្រូវការ​ទីផ្សារ​ទាំងមូល មាន​ចន្លោះ​ពី ៨០០០​ទៅ ៩០០០​ក្បាល ក្នុង​មួយថ្ងៃ​។​

​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​រូបនេះ​បាន​អះអាងថា ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក នឹង​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន ក្នុង​រយៈពេល ២​ទៅ ៣​ឆ្នាំ​ទៀត​។ ការដាក់ចេញ​វិធានការ​កាត់បន្ថយ​ការនាំ​ចូល​សត្វ​ជ្រូក​ពី​ក្រៅប្រទេស របស់​ក្រសួងកសិកម្ម នៅក្នុង​អំឡុងពេល​កម្ពុ​ជា ក៏ដូចជា​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ កំពុង​តម្រង់ទិស​ដល់​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក​បង្កើន​ការចិញ្ចឹម ដែល​រំពឹងថា នឹង​អាច​ធានា​ការផ្គត់ផ្គង់​ដោយ​ខ្លួនឯងបាន ក្នុង​រយៈពេល ២ ទៅ ៣​ឆ្នាំ​ខាងមុខ​។​

​លោក​ថ្លែងថា បច្ចុប្បន្ន​កម្ពុជា នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ តែមួយ​ប៉ុណ្ណោះ ក្នុងពេល​ប្រទេស​វៀតណាម កំពុង​ខ្វះខាត ជាង​ប្រទេស​កម្ពុជា​ទៅទៀត​។ ដូច្នេះហើយ ជាហេតុ​ធ្វើឱ្យ​តម្លៃ​ជ្រូក​រស់នៅ​លើ​ទីផ្សារ​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស​។ ប៉ុន្តែ​លោក​ជឿថា តម្លៃ​ជ្រូក​នឹង​ធ្លាក់​ថ្លៃ​ទៅវិញ នៅពេល​បញ្ចប់​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា បារម្ភ​ថា នៅក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក​វៀតណាម នឹង​ងើប​ឡើងវិញ ហើយ​ការហូរចូល​ជ្រូក​ខុសច្បាប់​មក​កម្ពុជា អាច​នឹង​កើតឡើង​ជាថ្មី ដែល​វា​នឹង​សម្លាប់​អាជីវកម្ម​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ដែល​កំពុង​បង្កើន​ទុន និង​ខ្ចី​ទុន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។​

​លោក ស្រ៊ុន ពៅ ស្នើឱ្យ​ក្រសួងកសិកម្ម បន្ត​អនុវត្ត​វិធានការ​បែបនេះ ក្នុង​រយៈពេល​យូរអង្វែង​។ លោក បង្ហាញ​ការគាំទ្រ​ចំពោះ​ក្រសួងកសិកម្ម ដែល​កំណត់​តម្លៃ​ជ្រូក​រស់នៅក្នុង​ទីផ្សារ​បច្ចុប្បន្ន​ក្នុង​ចន្លោះ​ពី ១២០០០ ទៅ ១៣០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ប៉ុន្តែ​អ្វីដែល នៅតែ​ជា​បន្ទុក​សម្រាប់​ប្រជាពលរដ្ឋ​អ្នក​បរិភោគ​សាច់ជ្រូក​នោះ គឺ​តម្លៃ​សាច់ជ្រូក​នៅលើ​ទីផ្សារ នៅតែមាន​តម្លៃ​ខ្ពស់ បាន​ឡើងថ្លៃ​ហើយ មិន​ចុះ​មកវិញ​ឡើយ​។ សព្វថ្ងៃ​សាច់ជ្រូក ១​គីឡូក្រាម​ថ្លៃ​ប្រហែល ២៥០០០​រៀល​។​

​គួរ​បញ្ជាក់ថា សត្វ​ជ្រូក​សរុប ដែល​កំពុង​ចិញ្ចឹម​នៅ​កម្ពុជា មាន​ចំនួន ២,៣​លាន​ក្បាល​។ បើតាម​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក្នុង​មួយឆ្នាំ កម្ពុជា បាន​ចំណាយ​នាំចូល​ជ្រូក​ពី​បរទេស​ប្រមាណ ៤០០​លាន​ដុល្លារ ហើយ​បើ​គិត​ទាំង​មាន់ ទា និង​បន្លែ កម្ពុជា​ត្រូវ​ចំណាយ​ជិត ១​ពាន់​លាន​ដុល្លារ​៕
​ដោយ​៖CEN


×