ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ ២.៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលពេលនេះសម្រេចបានប្រមាណ ៣០ភាគរយហើយ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១.៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម CAIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ខាងមុខ។ វត្តមានអាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកពិនិត្យព្រលានយន្តហោះថ្មីនេះ។ សម្តេចតេជោក៏បានថ្លែងការកោតសរសើរដល់គណៈកម្មការសាងសង់ ដែលបានប្រឹងប្រែងសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ ដើម្បីសម្រួលដល់ការសាងសង់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាបញ្ហា ជំងឺកូវីដ១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មីផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរក្សាបាននូវដំណើរការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក៏រួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិការងារដោយសារជំងឺកូវីដ១៩ផងដែរ នេះគឺជាគោលដៅមួយសំខាន់សំរាប់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការបំពេញតម្រូវការ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនជួយស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ ពីព្រោះបឹងជើងលោងនេះមិនត្រឹមតែដោះស្រាយបញ្ហាទឹកសម្រាប់ពលរដ្ឋប្រើប្រាស់នោះទេ តែក៏ជួយបញ្ចៀសជំនន់ទឹកព្រែកត្នោតផងដែរ។
សម្តេចតេជោក៏បានមានប្រសាសន៍ផងដែរថា ពេលនេះយើងកំពុងសាងសង់អាកាសយានដ្ឋានចំនួន៣ទីតាំង ដែលទី១)នៅទីនេះ ទី២)នៅខេត្តសៀមរាប និងទី៣)កងកេងនៅខេត្តព្រះសីហនុ។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យអាជ្ញាធរក្រុង ខេត្តទាំង៣ មានរាជធានីភ្នំពេញ កណ្តាល និងខេត្តតាកែវ ត្រូវរួមសហការគ្នា និងសម្របសម្រួលជាមួយក្រុមហ៊ុនដើម្បីឲ្យការងាសាងសង់នេះមានភាពរលូន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ចំពោះអាកាសយានដ្ឋានអន្តរជាតិនៅពោធិចិនតុងគឺទុកនៅដដែល តែអាចទៅជាព្រលានសម្រាប់យោធាកងទ័ព ទី២)ប្រើសម្រាប់ការហោះហើផ្ទៃក្នុង ទី៣)ប្រើសម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងទី៤)ប្រើសម្រាប់ភ្ញៀវ និងថ្នាក់ដឹកនាំផ្លូវការនានា។
មុននឹងបញ្ចប់ សម្ដេចតេជោមន្ត្រីក៏បានជូនពរឲ្យក្រុមការងារសាងសង់សម្រេចបាននូវភាពជោគជ័យក្នុងការសាងសង់នាពលខាងមុខ។ បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញពិនិត្យការដ្ឋាននៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ប្រកបដោយបរិយាកាសរីករាយ៕
ដោយ៖កូឡាប