Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជះឥទ្ធិពល​អវិជ្ជមាន ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ធ្វើឱ្យ​ការនាំចេញ​របស់​កម្ពុជា ទៅ​វៀតណាម​ធ្លាក់ចុះ ១៥% នៅ​ឆ្នាំនេះ​

​ភ្នំពេញ​៖ ការជះឥទ្ធិពល​អវិជ្ជមាន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ធ្វើឱ្យ​ការនាំចេញ​របស់​កម្ពុជា ទៅ​វៀត ណា​ម ក្នុង​រយៈពេល ៥​ខែ ឆ្នាំ​២០២០​នេះ មានការ​ធ្លាក់ចុះ ១៥% បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។​

​របាយការណ៍​ដដែល​នេះ បាន​បង្ហាញថា ចន្លោះ​ពី​ខែមករា ដល់ ខែឧសភា ឆ្នាំ ២០២០​នេះ អគ្គនាយក​រដ្ឋា​ន​គយ​វៀតណាម បាន​ស្រង់​តួលេខ​នៃ​ការនាំចេញ​របស់​កម្ពុជា ទៅ​ប្រទេស​វៀតណាម មានតម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ ៤៧៦​លាន​ដុល្លារ​អាមេរិក បាន​ធ្លាក់ចុះ ១៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ចំណែក ការនាំ​ចូល​របស់​កម្ពុ​ជា ពី​ប្រទេស​វៀតណាម ត្រឡប់មកវិញ មានតម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ ១,៧​ពាន់​លាន​ដុល្លារ​អាមេរិក បាន​ធ្លាក់ចុះ ៦%​។​

​តាម​របាយការណ៍​ខាងលើនេះ ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​សម្រេចបាន ជិត ៥,៣​លាន​ដុល្លារ​អាមេរិក កើនឡើង​១១% បើ​ធៀប​ជាមួយ​ឆ្នាំ​២០១៨ ដែល​ក្នុងនោះ​ការនាំចេញ​ពីរ​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា​សម្រេចបាន ៤,៤ ពាន់​លាន​ដុល្លារ កើនឡើង ១៦% និង​នាំចូល​ពី​ប្រទេស​កម្ពុជា ៩០១​លាន​ដុល្លារ កើនឡើង ៧%​។​

​ផ្អែក​តាម​តួលេខ ខាងលើនេះ ការនាំចេញ​របស់​កម្ពុ​ជា មានតម្លៃ​ទឹកប្រាក់​តិចជាង តម្លៃ​ទឹកប្រាក់​នៃ​ការនាំចេញ​របស់​វៀតណាម មក​កម្ពុជា​វិញ រហូតដល់​ទៅជា​ង ៣​ដង​។ ជាទូទៅ​ការធ្វើ​ពារ​ណិ​ជ្ជ​កម្ម​របស់​កម្ពុជា តែងតែ​ចាញ់​ប្រៀប​ប្រទេសជិតខាង ជាពិសេស​វៀតណាម និង​ថៃ ហើយ​ទំនិញ​របស់​កម្ពុជា ជា​ញឹកញាប់​ត្រូវបាន​រឹតបន្តឹង ឬ​ទម្លាក់​ថ្លៃ ពី​បណ្តា​ប្រទេស​ទាំងនេះ នៅពេល​រដូវ​ប្រមូល​ផល​កសិកម្ម​។ មូលហេតុ​នៃ​ការ​ចាញ់​ប្រៀប​នេះ ដោយសារ​ផលិតកម្ម​ក្នុងស្រុក​នៅ​ទុនខ្សោយ​នៅឡើយ​។​

​គួរ​បញ្ជាក់ថា ប្រភេទ​មុខទំនិញ​សំខាន់ៗ ដែល​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​វៀតណាម ក្នុង​រយៈពេល ៥​ខែ ឆ្នាំ នេះ មានដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ស្លឹក​ថ្នាំជក់ និង​ផ្លែ​ចេក ជាដើម​។ ដោយ ឡែក​ទំនិញ ដែល​វៀតណាម នាំចេញ​ត្រឡប់មក​កម្ពុជា​វិញ មានដូចជា ដែកថែប ប្រេង បន្លែ ផ្លែឈើ ជី​កសិកម្ម និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេងៗ​៕
​ដោយ​៖CEN

×