ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលនឹងចំណាយថវិការដ្ឋចំនួន ២៥លានដុល្លារអាមេរិកក្នុងមួយខែៗ ដើម្បីជួយដល់ជីវភាពពលរដ្ឋជាង ៦០ម៉ឺនគ្រួសារអំឡុងវិបត្តិជំងឺកូរ៉ូណា។
ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងពេលដែលសម្តេចតេជោអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅព្រឹកថ្ងៃទី២២ មិថុនា ២០២០។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា នៅអំឡុងវិបត្តិជំងឺកូវីដ១៩ គ្មានពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដោយរដ្ឋាភិបាលមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។ សម្តេចក៏បានផ្តាំទៅមតិរិះគន់ថា មិនត្រូវមើលស្រាលសមត្ថភាពរដ្ឋាភិបាល ពិសេសមិនត្រូវមើលស្រាលសមត្ថភាពរបស់សម្តេច ក្នុងការដោះស្រាយបញ្ហាប្រឈមនៃវិបត្តិជាសកលនេះឡើយ ត្បិតរដ្ឋាភិបាលគ្រោងនឹងចំណាយថវិការដ្ឋប្រមាណ ២៥លានដុល្លារ ជារៀងរាល់ខែ ជួយដល់ពលរដ្ឋជាង ៦០ម៉ឺនគ្រួសារ ដែលជាថវិកានោះ បានមកពីចំណូលចរន្តរបស់រដ្ឋប្រចាំខែ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ក្នុងមួយខែយើងត្រូវចំណាយប្រមាណជា ២៥លានដុល្លារ សម្រាប់សង្គ្រោះជួយទំនុកបម្រុងទៅដល់ជាង ៦០ម៉ឺនគ្រួសារ។ ពេលនោះ យើងមានលទ្ធភាព យើងប្រើប្រាស់នូវថវិកាចរន្ត ដែលជាចំណូលធម្មតា ដែលក្នុងមួយខែៗយើងរកបានក្នុងរង្វង់អាពេលក្នុងកូវីដនេះ។ បើវាមិនបានលើសដល់ ៥០០លានដុល្លារ ក៏វាបានត្រឹម ៤០០លានដុល្លារដែរ ហើយចាយចំណូលបៀវត្សរ៍ត្រឹមតែជាង ២០០លានដុល្លារទេ”។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។ ក្រសួងផែនការ បានធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ រកឃើញគ្រួសារក្រីក្រទូទាំងប្រទេស សរុបចំនួន ៥៦៧.៥០៥ គ្រួសារ ដែលមានប្រជាជនក្រីក្រសរុបចំនួនប្រមាណ ២,៣លាននាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រកាសជាផ្លូវការនូវការ អនុវត្តន៍កម្មវិធីប្រគល់សាច់ប្រាក់នេះនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
អនុក្រឹត្យនេះមានគោលបំណងផ្តល់នូវកិច្ចគាំពារ ដើម្បីរក្សាលំនឹងជីវភាពរស់នៅ សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។ អនុក្រឹត្យនេះមានគោលដៅកំណត់វិធាន នីតិវិធី និងយន្តការគ្រប់គ្រង ព្រមទាំងផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ ក្នុងព្រះរាជាណាចក្រកម្ពុជា។
គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
– មានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និង
– បានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។
អនុក្រឹត្យបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលនឹងត្រូវទទួលបានផងដែរ។ ចំនួនទឹកប្រាក់ត្រូវផ្តល់ជូនក្នុងមួយខែចន្លោះពី១៦.០០០រៀល ទៅដល់ ១២០.០០០រៀល។ កម្រិតសាច់ប្រាក់ដែលត្រូវឧបត្ថម្ភនេះ ធ្វើឡើងតាមប្រភេទជនក្រីក្រក្នុងកម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមអ្នកនៅក្នុងរាជធានី និងជនបទផងដែរ។
ក្រសួងផែនការ បានធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ រកឃើញគ្រួសារក្រីក្រទូទាំងប្រទេស សរុបចំនួន ៥៦៧.៥០៥ គ្រួសារ ដែលមានប្រជាជនក្រីក្រសរុបចំនួនប្រមាណ ២,៣លាននាក់ (គិតត្រឹមថ្ងៃបញ្ចប់ការអនុវត្តនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅទីជនបទ )។
ក្រសួងសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រកម្ពុជាទាំងអស់ ដែលអវត្តមានក្នុងអំឡុងពេលសម្ភាសន៍ នៃយុទ្ធនាការនេះ ឬមិនទាន់បានដាក់ពាក្យស្នើសុំសម្ភាសន៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលបងប្អូនកំពុងស្នាក់នៅ សូមមេត្តារួសរាន់ ផ្តល់ការណាត់ជួបសម្ភាសន៍ជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ/សង្កាត់ មុនពេលការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលកូវីដ១៩ នៅទីប្រជុំជន បញ្ចប់នាចុងខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីទទួលបាននូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ដែលនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ។
សូមទស្សនាការពន្យល់ និងបកស្រាយអំពីការអនុវត្តនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ៕
ដោយ៖បញ្ញាស័ក្តិ