ភ្នំពេញ៖ ជាថ្មីម្តងទៀត ហើយក៏ជាលើកទី៣ ផងដែរ អាជ្ញាធរកម្ពុជាបានហាមឃាត់មិនឲ្យយុវជនមួយក្រុម នៅក្នុងទីក្រុងភ្នំពេញ ធ្វើការតាំងពិព័រណ៍រូបថតនៃតំបន់កោះកុងក្រៅ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានស្គាល់ និងចូលរួមការពារតំបន់កោះកុងក្រៅ។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាការហាមឃាត់ក្រុមយុវជនទាំងនោះមិនឲ្យធ្វើពិធីខាងលើនេះដោយសារតែគ្មានច្បាប់អនុញ្ញាត។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ យុវជនមួយក្រុមមានគ្នា៦នាក់ រួមទាំងព្រះសង្ឃមួយអង្គផងដែរ បានជួបជុំគ្នានៅសួនច្បារវត្តបទុមវត្តី ដើម្បីធ្វើការតាំងពិព័រណ៍រូបថតនៃតំបន់កោះកុងក្រៅដែលស្ថិតនៅខេត្តកោះកុងដាក់ជូនសាធារណជនទស្សនា។
ពិព័រណ៍រូបថតកោះកុងក្រៅដែលបានចាប់ផ្ដើមនៅម៉ោងប្រមាណជា ៤.៣០នាទីរសៀលនេះ ជាផ្នែកមួយនៃយុទ្ធនាការ “សង្គ្រោះកោះកុងក្រៅ” របស់ពួកគេដែលទាមទារឱ្យរដ្ឋាភិបាលដាក់បញ្ចូលកោះនេះជាតំបន់ការពារឧទ្យានជាតិសមុទ្រដើម្បីអភិរក្សធនធានធម្មជាតិនៅកោះនោះ។
អាជ្ញាធរបានទៅដល់ទីនោះ និងរារាំងការតាំងពិព័រណ៍ដោយអះអាងថាក្រុមយុវជនត្រូវតែមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញជាមុនសិនដើម្បីតាំងបង្ហាញរូបភាពខ្លួន។
កាលពីពេលថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញហាមឃាត់យុវជនមួយក្រុម មិនឲ្យជិះកង់ធ្វើ យុទ្ធនាការតំបន់កោះកុងក្រៅ ដោយមិនមានសុំច្បាប់អនុញ្ញាត ។ ពួកគេ ត្រូវបានអាជ្ញាធរភ្នំពេញចុះទប់ស្កាត់នៅត្រង់ចំណុចរង្វង់មូលក្បាលស្ពានជ្រោយចង្វា បើតាមអាជ្ញាធរ យុទ្ធនាការជិះកង់របស់យុវជនទាំងនេះ គឺមិនមានសុំច្បាប់អនុញ្ញាតនោះទេ។
ក្រុមយុវជនដែលមានការចូលរួមពីសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ក៏ត្រូវបានអាជ្ញាធរខេត្តកោះកុង ទប់ស្កាត់មិនឲ្យជិះកង់ដាក់ញត្តិជូនរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំដាក់តំបន់កោះកុងក្រៅ ជាតំបន់ការពារនោះទេ។ សូមបញ្ជាក់ថា កោះកុងក្រៅ គឺជាកោះធំជាងគេ និងស្អាតជាងគេនៅកម្ពុជា ត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនមួយ ដើម្បីធ្វើការអភិវឌ្ឍន៍។
កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតគណៈកម្មការពិសេសមួយ ដើម្បីត្រួតពិនិត្យទៅលើការអភិវឌ្ឍន៍នៅតំបន់កោះកុងក្រៅទាំងមូល លើគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី។ គណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍនៅតំបន់កោះកុងក្រៅនេះ រួមមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធាន និងមានមន្ត្រីពាក់ព័ន្ធជាសមាជិកចំនួន៩រូបទៀត ក្នុងនោះរួមមានទាំងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុងផងដែរ។ គណៈកម្មការនេះ មានភារកិច្ចត្រួតពិនិត្យលើគម្រោងអភិវឌ្ឍនៅតំបន់កោះកុងក្រៅទាំងមូលរបស់ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
ខុទ្ឋកាល័យរងសម្តេចតេជោ តំណាងក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង ព្រឹកថ្ងៃទី៤ ខែមិថុនា ២០២០បាន សម្របសម្រួលនិងធ្វើកំណត់ហេតុពីហេតុផលនៃការធ្វើសកម្មភាពរបស់ក្រុមយុវជន១៧ នាក់របស់អង្គការមាតាធម្មជាតិជិះកង់បង្កបាតុភូតភ័ន្តច្រឡំដល់សាធារណជនថា ជួយសង្គ្រោះតំបន់កោះកុងក្រៅ។
អាជ្ញាធរ ខេត្តកោះកុង អះអាងថា សកម្មភាពរបស់យុវជនមួយនេះគ្មានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរឡើយមុននឹងធ្វើសកម្មភាពជិះកង់ដាក់ញត្តិទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា៕
ដោយ៖កូឡាប