កណ្ដាល៖កម្លាំងសមត្ថកិច្ចប៉ូលិសស្រុកមុខកំពូល បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ជាមេតុងទីនក្នុងករណីឆបោក និងរំលោភលើទំនុកចិត្ត នៅចំណុច ផ្ទះជនសង្ស័យ ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីព្រលប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ។
នគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះ មានគ្នីគ្នាចំនួន ៩២នាក់(កូនតុងទីន)
រីឯជនសង្ស័យឈ្មោះ ងួន ស្រីទូច ហៅរស់ អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិ ឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ដោយកាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួន ប្រហែលជាង៥០នាក់(ជាកូនតុងទីន) ដែលមាននៅក្នុងភូមិព្រែកតាសោម ភូមិព្រែកយាយហ៊ិន និងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បាននាំគ្នាមកហ៊ុមព័ទ្ធនៅផ្ទះរបស់ជនសង្ស័យឈ្មោះ ងួន ស្រីទូច ហៅរស់ (មេតុងទីន) ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានបំណងរត់ចេញពីផ្ទះ នៅពេលនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលស្រុកបានទៅដល់ផ្ទះកើតហេតុ ហើយក៏បានធ្វើអន្តរាគមន៍ និងហៅជនសង្ស័យខាងលើមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខ្លួនបានធ្វើមេតុងទីន ដោយមានការឯកភាពលេង ចំនួន ៥ខ្សែ មាន ក្បាល ១០ ០០០រៀល (មួយម៉ឺនរៀល) ក្បាល ២០ ០០០រៀល (ពីរម៉ឺនរៀល) មានពីរខ្សែ ក្បាល ៤០ ០០០រៀល (បួនម៉ឺនរៀល) និងក្បាល ១០ដុល្លារ (ដប់ដុល្លារ) ចំនួនមនុស្សលេង ២០៨នាក់ សរុបចំនួន ១ ០៤០ក្បាល ដោយអ្នកខ្លះលេងក្នុងម្នាក់ ២ក្បាល ទៅ៨០ក្បាល ដេញជារៀងរាល់ថ្ងៃ ចំនួន ៥ខ្សែ មនុស្សចំនួន ៥នាក់ ដោយឡែកក្បាល ៤ម៉ឺនរៀល ក្នុងមួយសប្តាហ៍ដេញ ២ដង ចំណែកក្បាល ១០ដុល្លារ មួយសប្ដាហ៍ដេញម្ដង ក្នុងនោះ
ខ្សែទី១ ក្បាល ២ម៉ឺនរៀល ចំនួនមនុស្ស ២០៨នាក់ អ្នកលេង ១០៤០ក្បាល ចំណែកមេតុងទីន(ជនសង្ស័យ) លេងចំនួន ៥ក្បាល (នៅរស់) ដោយឡែកចំពោះកូនដែលដេញបាន និងកូនដែលត្រូវប្រមូលចុងក្រោយមានចំនួន៣៣នាក់ដែលមេតុងទីនមិនបានប្រគល់ប្រាក់ឱ្យ នោះមានទឹកប្រាក់ សរុបចំនួន ៨៦៥.៦៥០.០០០រៀល ។
ខ្សែទី២ ក្បាល២ម៉ឺន ចំនួនមនុស្សលេង ២១៦នាក់ សរុប១៥១២ក្បាល មួយថ្ងៃដេញម្ដង ចំណែកជនសង្ស័យលេងចំនួន២៦ក្បាល ប៉ុន្តែសាងឱ្យឈ្មោះ ភីនុ នៅភូមិព្រែកតាសោម ចំនួន៣ក្បាល ឈ្មោះរ៉ាប៉ូលីស នៅភូមិកោះរកា ចំនួន ៧ក្បាល ឈ្មោះ ម៉ាក់ស្រីកា នៅភូមិឫស្សីជ្រោយចំនួន៧ក្បាល និងអ្នកនៅកោះរការមិនស្គាល់ឈ្មោះ ចំនួន៥ក្បាល ឈ្មោះ សុខលាង នៅភូមិព្រែកតាសោមចំនួន២ក្បាល និងឈ្មោះ រ័ត្ន នៅភូមិកោះរការចំនួន ២ក្បាល។ សរុបកូនដែលដេញងាប់ចំនួន ៦៥នាក់ និងកូនដែលនៅរស់ ចំនួន១៥១នាក់ ។
ខ្សែទី៣ ក្បាល ១ម៉ឺនរៀល ចំនួនមនុស្ស ២២០នាក់ សរុប ១៧៦០ក្បាល ចំណែកជនសង្ស័យលេង ១២ក្បាលហើយបានសាងឱ្យឈ្មោះ ពេជ្រ(លក់ទឹកកក) ចំនួន ៥ក្បាល ឈ្មោះ អ៊ីអូន ២ក្បាល និងឈ្មោះ ចាន់ ចំនួន ៣ក្បាល នៅភូមិព្រែកតាសោម នៅសល់ ២ក្បាលរបស់ជនសង្ស័យ ។
ខ្សែទី៤ លេងក្បាល១០ដុល្លារ ចំនួនមនុស្ស ៤៣នាក់ ចំនួន១០១ក្បាល មេតុងទីន(ជនសង្ស័យ)លេងចំនួន២ក្បាល មួយសប្តាហ៍ដេញម្ដង ហើយកូនដេញងាប់ ៨៨នាក់ នៅរស់ ១៣នាក់ ។
ខ្សែទី៥ ក្បាល ៤ម៉ឺនរៀល ចំនួនមនុស្ស ៥៥នាក់ ចំនួន១២៧ក្បាល ដេញងាប់៦៨នាក់ នៅរស់៥៩នាក់ ១សប្តាហ៍ដេញម្ដង ប៉ុន្តែចំពោះមេតុងទីនដែលលេងច្រើនក្បាលខ្លួនមិនបានវាយតារាងថ្មីឱ្យកូនដឹងទេ។
លុះមកដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ ក៏មានរឿងកើតឡើង ដោយកូនតុងទីនទាំងអស់ផ្អើលឆោឡោ មូលហេតុដោយសាមេតុងទីនមិនបានប្រមូលប្រាក់ឱ្យកូនតុងទីនដែលដេញបាន នៅពេលនោះជនសង្ស័យក៏បានគេចចេញពីផ្ទះទៅសម្រាកនៅមន្ទីពេទ្យ ដោយសាមានជំងឺ រហូតដល់រយៈពេល ១១ថ្ងៃ ជនសង្ស័យក៏វិលត្រឡប់មកផ្ទះវិញ ហើយលោក អ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយ ក៏បានហៅមេតុងទីន(ជនសង្ស័យ) និងកូនតុងទីនទាំងអស់មកសាលាឃុំ ដើម្បីសម្របសម្រួលគ្នា ហើយបានឱ្យមេតុងទីនប្រមូលប្រាក់ពីកូនដែលដេញងាប់ មកឱ្យកូនដែលគេដេញបាន។ ក្រោយមកជនសង្ស័យក៏ប្រមូលប្រាក់បាន៧ដងក្នុង១ដងបាន១០លានរៀល យកទៅផ្ទះលោកមេឃុំឬស្សីជ្រោយ ហើយលោកមេឃុំក៏ទូរស័ព្ទហៅឈ្មោះហុង ចាន់ធីតា ដែលត្រូវជាដន្លងឲ្យមកយកប្រាក់នោះ សរុបចំនួន៧០លានរៀល ធ្វើឱ្យកូនតុងទីនមួយចំនួនដែលមិនទាន់បានប្រាក់មានការអាក់អន់ចិត្ត ។ ដោយឡែកប្រាក់ដែលជនសង្ស័យប្រមូលបានពីកូនតុងទីនបន្តទៀតបាន ចំនួន៣៥ លានរៀល ជនសង្ស័យបានរក្សាទុកនៅក្នុងផ្ទះរបស់ខ្លួនសព្វថ្ងៃនេះ។
ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។
ករណីនេះជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕
ដោយ៖កូឡាប