ភ្នំពេញ៖ថ្លែងក្រោយពិធីចុះហត្ថលេខា លោក វ៉ាង វិនធាន ( Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា គិតមកដល់ពេលនេះប្រទេសកម្ពុជាទទួលបានទឹកប្រាក់ជាង២០លានដុល្លារ សម្រាប់អភិវឌ្ឍលើគម្រោងសរុបចំនួន៥៥ពីមូលនិធិពិសេស ក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។
ការថ្លែងបញ្ជាក់បែបនេះ របស់លោកឯកអគ្គរដ្ឋទូតចិន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះនៅទីស្តីការក្រសួងការបរទេសកម្ពុជា ។ ពោលបន្ទាប់ពីលោក និងលោក ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ ។
តាមរយៈសុន្ទរកថារបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបង្ហាញឲ្យឃើញថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ជាយន្តការកិច្ចសហប្រតិបត្តិការថ្មីមួយក្នុងការពិភាក្សារួម កសាងរួម ចែករំលែករួមសម្រាប់ប្រទេសដែលមានទន្លេឡានឆាង-មេគង្គហូរកាត់។ ចាប់តាំងពីបានបង្កើតមក កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានបង្ហាញពីលក្ខណៈពិសេសនៃភាពដូចគ្នាទីតាំងភូមិសាស្ត្រ ភាពស្និទ្ធស្នាលមនុស្សសាស្ត្រ និងទំនាក់ទំនងអក្សរសាស្ត្រដែលមានក្នុងប្រទេសឡានឆាង-មេគង្គហូរកាត់ បានជួយជំរុញកិច្ចសហប្រតិបត្តិការអត្ថប្រយោជន៍រួមគ្នាយ៉ាងទូលំទូលាយលើវិស័យ និងបានជំរុញជាដំណាក់កាលយ៉ាងស៊ីជម្រៅសម្រាប់ប្រទេសទាំង៦។ ស្ថិតក្រោមការចូលរួមយ៉ាងសកម្មពីប្រទេសទាំង៦ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានបន្តដំណើរពីដំណាក់កាលពង្រីកពង្រឹងយ៉ាងឆាប់រហ័សឈានដល់ដំណាក់កាលអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ជួយជំរុញអនុវត្តគម្រោងអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់ប្រជារាស្ត្រ ដើម្បីឲ្យប្រជាជនក្នុងតំបន់ទទួលបានផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើន។ ការប្រាស្រ័យទាក់ទងគ្នាដោយស្មើភាព ជួយគ្នាទៅវិញទៅមកដោយស្មោះ និងភាពស្និទ្ធស្នាលប្រៀបដូចគ្រួសារតែមួយ ដែលទាំងនេះជាវប្បធម៌នៃឡានឆាង-មេគង្គត្រូវបានចាក់ឫសយ៉ាងជ្រៅក្នុងក្រអៅបេះដូងប្រជាជន។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្តទៀតថា ភាគីកម្ពុជាទទួលបានគម្រោងមូលនិធិពិសេស កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គចំនួន៣ឆ្នាំជាប់ៗគ្នា ដែលមានចំនួន៥៥គម្រោង និងមានទឹកប្រាក់សរុបលើសពី ២០លានដុល្លារសហរដ្ឋអាមេរិក។ នេះមិនត្រឹមតែបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ និងលក្ខណៈពិសេសជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនុះទេ ក៏បានបង្ហាញឲ្យឃើញពីសមិទ្ធផលខ្ពស់នៃកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរស្ថិតក្រោមស្មារតីឡានឆាង-មេគង្គ។ ជឿជាក់ថា ភាពជោគជ័យនៃការអនុវត្តគម្រោងទាំងនេះនឹងចូលរួមជាកម្លាំងក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជារាស្ត្រ ជួយពន្លឿនការអភិវឌ្ឍលើគ្រប់វិស័យក្នុងសេដ្ឋកិច្ច និងសង្គមនៃប្រទេសកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា គម្រោងជាច្រើនត្រូវបានអនុវត្ត ក្រោយពីយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានស្ថាបនាមក បានជួយជំរុញរក្សាការអភិវឌ្ឍន៍ រក្សាទំនាក់ទំនងគ្នាទៅវិញទៅមក និងរក្សាការប្រាស្រ័យទាក់ទងគ្នានៃមនុស្សសាស្ត្រក្នុងតំបន់ឡានឆាង-មេគង្គ។ ជាពិសេសនោះគឺគម្រោងភាគីកម្ពុជាដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ទទួលបានវិវឌ្ឍនភាពយ៉ាងសកម្ម បានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណដល់មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែលបានគាំទ្រដល់គម្រោងចំនួន២០ដែលបានស្នើដោយភាគីកម្ពុជា ជឿជាក់ថា គម្រោងដែលបានលើកឡើងខាងលើនេះនឹងជួយជំរុញការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជាដែលរួមមាន វិស័យធនធានទឹក កសិកម្ម វប្បធម៌ជាដើម។ ភាគីកម្ពុជារីករាយសហការយ៉ាងស្អិតរមួតជាមួយភាគីចិនក៏ដូចជាបណ្ដាប្រទេសដែលជាសមាជិក រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឲ្យទទួលបានសមិទ្ធផលផ្លែផ្កាកាន់តែច្រើន។
ដោយឡែកឯកឧត្តមប្រាក់ សុខុន បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន សម្រាប់ការគាំទ្រដែលមិនអាចកាត់ថ្លៃបានសម្រាប់គម្រោងថ្មីចំនួន២០បន្ថែមទៀត។ គឺគាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ មានថវិកាសរុបចំនួនប្រមាណ៧លានដុល្លារអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី ប្រមុខការទូតកម្ពុជា បានចាត់ទុកថា ពិធីចុះហត្ថលេខារបស់យើងនាថ្ងៃនេះ គឺទាន់ពេលវេលានិងមានសារៈសំខាន់បំផុត។ ដើម្បីបង្ហាញពីភាពរឹងមាំរបស់យើង ព្រមទាំងអះអាងជាថ្មីនូវមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។
ចាប់តាំងពីការចាប់ផ្តើមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កាលពីឆ្នាំ២០១៦ គម្រោងទាំងនេះបានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់បណ្តាប្រទេសមេគង្គ-ឡានឆាង តាមរយៈការបង្រួមគម្លាតនៃការអភិវឌ្ឍន៍ ការពង្រឹងទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក សម្រាប់ពង្រឹងសមត្ថភាពរបស់យើងក្នុងការឆ្លើយតបឲ្យកាន់តែប្រសើរ ទៅនឹងតម្រូវការរបស់ប្រជាជនរបស់យើង។
សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០នេះ គម្រោងកម្ពុជាចំនួន២០ ត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមានទឹកប្រាក់ចំនួន ៧.២២៥.៤០០ដុល្លារអាមេរិក ភាគច្រើនគ្រប ដណ្តប់ទៅលើសកម្មភាពនានា ពាក់ព័ន្ធនឹងអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គម អភិវឌ្ឍធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៊ិនធឺណេត ការកសាងសមត្ថភាពទេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ជាដើម ៕
ដោយ៖បញ្ញាស័ក្តិ