បាត់ដំបង៖ នគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង បានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ស្ត្រីជើងខ្លាំងម្នាក់ អាយុ ៥៧ឆ្នាំ ពីបទ(សម្លុតសាក្សី) ប្រព្រឹត្តនៅភូមិ ១៣មករាសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ខែមិថុនា ឆ្នាំ២០១៨តាមមាត្រា៥៤៦នៃ ក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃអង្គារទី២២ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី នៅចំណុចបុរីរំចេកស្ថិតក្នុងភូមិរំចេក៤សង្កាត់រតន: ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤៧៦ ត.ព្រ ចុះថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង លោករ័ត្ន ស៊ីថានិងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមដោយមតិណែនាំពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ក្រុមអនុវត្តដីកាដែលមានលោកវរសេនីយ៍ទោ កង សុផាណ្ណា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិធ្ងន់ជាអ្នកដឹកនាំ អនុវត្តចាប់ខ្លួនឈ្មោះ ឃូ សុខលី ភេទស្រីអាយុ ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ២១ក្រុម ០២ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដែលត្រូវបានចោទប្រកាន់ពីបទ(សម្លុតសាក្សី) ប្រព្រឹត្តនៅភូមិ ១៣មករាសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី ១០ខែមិថុនា ឆ្នាំ២០១៨តាមមាត្រា៥៤៦នៃ ក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ។
នៅពេលចាប់ខ្លួន សមត្ថកិច្ចនគរបាល បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបាត់ដំបងហើយភ្លាមៗ ត្រូវបានចៅក្រមសម្រេចឃុំខ្លួន ដាក់ក្នុងពន្ធនាគារខេត្តបាត់ដំបង៕
ដោយ៖កូឡាប