បាត់ដំបង៖ នគរបាលព្រហ្មទណ្ឌក្រុមអន្តរាគមន៍ ចុះប្រតិបត្តិការ បង្ក្រាបករណីលួចទ្រព្យសម្ប្តត្តិប្រជាពលរដ្ឋ(កាតទូរស័ព្ទដៃនិងក្រវិលកំប៉ុងស្រាបៀរ )និង ក្រវិលកំប៉ុងស្រាបៀរត្រូវរង្វាន់ទម្ងន់ ៥គីឡូក្រាម ចាប់ជនល្មើស២នាក់ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃ ទី២២ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១៧និង៥០នាទី។
ប្រតិបត្តិការនេះ អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តមតម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងព្រម ទាំងអនុវត្តតាមមតិណែនាំជំនាញពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌក្រុមអន្តរាគមន៍បង្ការបង្ក្រាបបានសហការជាមួយកម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដែលមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យចុះប្រតិបត្តិការ។
ក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ គឺ៖ ១-ឈ្មោះ រឿន ចាន់រិទ្ធ ហៅ សល់ អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(ជាអ្នកផ្តេីមគំនិត)។ ២-ឈ្មោះ ឡា ពោ ភេទប្រុស អាយុ១២ឆ្នាំ (ទីលំនៅមិនប្រាកដ)ជាអ្នកដៃដល់ក្នុងការប្រព្រឹត្តិ។
ក្នុងនោះធ្វេីការដកហូតបាន៖ – កាតទូរស័ព្ទដៃ សែលខាតCellcard ប្រភេទទឹកប្រាក់ចំនួន០១ដុល្លារចំនួន ១២០សន្លឹក – ក្រវិលស្រាបៀរត្រូវរង្វាន់មួយចំនួន។
សូមជម្រាបជូនថា កាលពីថ្ងៃទី២២ ខែ មិថុនាឆ្នាំ២០២០វេលាម៉ោង១១និង៣៣នាទីជនសង្ស័យបានធ្វេីសកម្ម ភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះអ៉ឹង សេង ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលប្រពន្ធរបស់គាត់មានមុខរបរលក់ចាប់ហួយក្នុងលំនៅដ្ឋានខាងលេី ។
សម្ភារ:បាត់បង់រួមមាន៖ -កាតទូរស័ព្ទដៃ សរុប ចំនួន ០៤ពាន់ដុល្លារ ( កាតសែលកាតCellcard ៥០០ដុល្លារ , កាតស្មាត Smart ចំនួន១.៥០០ ដុល្លារ , កាតមិត្តហ្វូន Metfone ចំនួន១,២០០ ដុល្លារ , និងកាត រាយចំនួន ៨០០ ដុល្លារ ) – ក្រវិលកំប៉ុងស្រាបៀរត្រូវរង្វាន់ចំនួន ០២ថង់ (ទម្ងន់ ៥គីឡូក្រាម ) ។
ជនសង្ស័យបានយកកាតទូរស័ព្ទនិងក្រវិលកំប៉ុងដែលលួចបានទៅលក់ភ្លាមៗដែលពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកទទួលទិញផលចោរកម្មដេីម្បីដកហូត និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី កាលពីថ្ងៃទី២៣មិថុនា២០២០៕ ដោយ៖កូឡាប