ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរមីន បានប្រកាសព័ត៌មានថា នៅរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មានករណីផ្ទុះមីនប្រឆាំងមនុស្ស នៅចំណុចព្រំដែនក៥ ក្នុងភូមិសាស្ត្រភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលដែលជនរង គ្រោះបានចូលទៅដាក់អន្ទាក់សត្វ។
ជនរងគ្រោះឈ្មោះ ញ៉ែម សឹម ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាពគ្រោះថ្នាក់របួសដាច់ជើងស្តាំ បច្ចុប្បន្នអាជ្ញាធរមូលដ្ឋានបានជួយសង្គ្រោះ និងបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងសារលើហ្វេសប៊ុកថា សូមសំដែងនូវក្តីរន្ធត់និងសោកស្តាយ។ ឆ្លៀតឱកាសនេះ សូមកោតសរសើរ និងអរគុណប៉ូលិសវរព្រំដែន ដែលឈរជើងនៅទីនោះ មានសេចក្តីក្លាហានប្រថុយគ្រោះថ្នាក់ ជាមួយគ្រាប់មីន និងភ្លៀងខ្លាំង បានចូលទៅជួយសង្គ្រោះអ្នករងគ្រោះ៕
ដោយ៖កូឡាប