Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ខ្ទីង​មួយ​ក្បាល ត្រូវពាន​ព្រៃ​សម្លាប់ ពន្លះ​យក​សាច់ បន្ទាប់ពី​ជាប់អន្ទាក់​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​ខេត្តពោធិ៍សាត់​

ពោធិ៍សាត់​៖ សត្វ​ខ្ទីង​មួយ ក្បាល ត្រូវបាន​ព្រានព្រៃ ដាក់​អន្ទាក់ និង​សម្លាប់​។ គំនរ​សាច់ និង​សពសត្វ​ខ្ទីង​ដែល​ព្រានព្រៃ​ប្រមូល​យកទៅ​មិនទាន់​អស់នោះ ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ប្រទះឃើញ​នៅ​ថ្ងៃទី​២៣ ខែ មិថុនា ឆ្នាំ​២០២០​នេះ ពេល​ចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​ខេត្តពោធិ៍សាត់​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​សត្វ​ខ្ទីង​មួយ​ក្បាល​នេះ និង​ថ្កោលទោស​ចំពោះ​ក្រុម​ជនល្មើស​ដែល​តែង​តែង​លួច​ប្រព្រឹត្ត​បទល្មើស​ដាក់​អន្ទាក់​សត្វ និង​បរបាញ់​សត្វ​កម្រ បើទោះបីជា​ក្រសួងបរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ការពារ​អភិរក្ស បង្កើន​ការផ្សព្វផ្សាយ អប់រំ កុំឱ្យ​បរបាញ់​សត្វព្រៃ​យ៉ាងណាក៏ដោយ​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បានដឹង ឬ​ស្គា​ល់ពី​អត្ត​សញ្ញា​នៃ​ជនល្មើស​ជួយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ ក្រុម​ជនល្មើស​បាន​រត់គេចខ្លួន​បាត់​នៅពេលដែល​ដឹងថា ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើរល្បាត​នៅក្នុង​តំបន់​នោះ ដោយ​បន្សល់ទុក​នូវ​សាច់សត្វ​ខ្ទីង​ដែល​បាន​ពន្លះ​ជា​ដុំៗ​បម្រុង​នឹង​ដឹក​ចេញ​។ សត្វ​ខ្ទីង​ដែល​ត្រូវបាន​សម្លាប់ នេះ​មាន​ជើង​ជាប់អន្ទាក់ ហើយ​ស្នែង​របស់​វា​ត្រូវបាន​គេ​កាត់​យកទៅ​បាត់​បន្សល់ទុក​ក្បាល និង​សាច់​ជាច្រើន​គីឡូក្រាម​។​

​នេះ​គឺជា​សត្វ​ខ្ទីង​ទី​២ ហើយ​ដែល​ត្រូវបាន​ដឹងថា បាន​ស្លាប់​នៅក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយនេះ​។ ខ្ទីង​ពេញវ័យ​មួយ​ក្បាល​អាយុ​ប្រហែល ៥​ឆ្នាំ ត្រូវបាន​ដឹងថា ត្រូវបាន​ព្រាន​បាញ់សម្លាប់ ដោយ​បន្សល់ទុក​តែ​ក្បាល​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​នៅក្នុង​ខេត្តព្រះវិហារ​កាលពី​ខែឧសភា​កន្លងទៅ​។​

​លោក នេត្រ ភក្ត្រា បាន​លើកឡើងថា អន្ទាក់​និង​កាំភ្លើង​កែច្នៃ គឺជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ​នៅ​កម្ពុជា ជា​រៀងរាល់​ដែល​ចាំបាច់​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប​កុំឱ្យ​មានការ​យក​ចូលក្នុង​តំបន់ការពារធម្មជាតិ​។ លោក​ថ្លែងថា អន្ទាក់​ជាង​មួយ​ម៉ឺន​ត្រូវបាន​ដោះ​ចេញពី​តំបន់ការពារធម្មជាតិ និង​កាំភ្លើង​រួម​នឹង​កាំភ្លើង​កែច្នៃ​ជាង ៣០០​ដើម​ត្រូវបាន​រឹបអូស​នៅក្នុង​រយៈពេល ៤​ខែ​ដើមឆ្នាំ ២០២០​នេះ​។​

​លោក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការបរិភោគ សាច់សត្វ​ព្រៃ និង​កុំ​ជឿថា​បរិភោគ​សាច់សត្វ​ព្រៃ​ផ្តល់នូវ​សុខភាព​ល្អ​។ ជាមួយគ្នានេះ សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង អនុវត្ត​ច្បាប់​ប្រឆាំងនឹង​ជនល្មើស​សម្លាប់សត្វ​ដោយ​មិន​លើកលែង​ឡើយ​។​

​លោក នេត្រ ភក្ត្រា ក៏បាន​ស្នើសុំ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ និង​សូម​និយាយថា ទេ​ចំពោះ​ការជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ ព្រមទាំង​ចូលរួម​រាយការណ៍​ប្រាប់​សមត្ថកិច្ច ប្រសិនបើ​ឃើញ​មានការ​បរបាញ់​សត្វ ការដាក់​អន្ទាក់​ចាប់​សត្វ និង​ចូលរួម​បណ្តុះ​ស្មារតី​ក្មេងៗ​ជំនាន់​ក្រោយ​ស្រឡាញ់​ធនធានធម្មជាតិ និង​សត្វព្រៃ​ដើម្បី​ផលប្រយោជន៍ សម្រាប់​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ បង្កើន​ចំណូល​ប្រជា​សហគមន៍​មូលដ្ឋាន កាត់បន្ថយ​និង​លុបបំបាត់​របរ ចូល​ព្រៃ​កាប់​ឈើ​និង​បរបាញ់​សត្វ ឬ​ដាក់​អន្ទាក់​ចាប់​សត្វ​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​ប្រកប​របរ​ដែល​ប្រឈម​នឹង​មុខ​ច្បាប់​នេះ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


×