ភ្នំពេញ៖លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២០ បាន ប្ដឹង លោក ផែង វណ្ណៈ ទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់ឲ្យមានការរេីសអេីង, បរិហារកេរ្តិ៍ជាសាធារណៈ និង ជេរប្រមាថជាសាធារណៈ ។
លោកផែង វណ្ណៈនិយាយថា លោក នឹងឡេីងតុលាការនៅថ្ងៃ ៣០ មិថុនា ២០២០ តាមបណ្ដឹងរបស់ លោកជំទាវ ឡោក ខេង។
លោកផែង វណ្ណៈ បានថ្លែងសារនៅលើផេកហ្វេសប៊ុកថា ការប្ដឹងខ្ញុំ នេះបានកេីតឡេីងបន្ទាប់ពីខ្ញុំបានផ្សាយព័ត៌មានអំពី ក្រុមលួចលក់ដីប្រជាពលរដ្ឋទំហំជាង ២ហិកតា នៅភូមិ សំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ មេខ្លោងលួចលក់ដីឈ្មោះ ឡុង ដារា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីចាត់ការតាមផ្លូវច្បាប់ និង ត្រូវបានចៅក្រមចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហេីយ ។
តាមចម្លេីយសារភាពរបស់ ឡុង ដារា គឺ ឡុង ដារា បានលួចលក់ដីទំហំជាង ២ហិកតា ឲ្យទៅ ឧត្ដមសេនីយ៍ឯក ស ថាវី ហេីយឧត្ដមសេនីយ៍ឯក ស ថាវី លក់បន្តទៅឲ្យលោកជំទាវ ឡោក ខេង ដែលមានលោកស្រី យស មាលីណា ជាតំណាង ។
លោកថា ខ្ញុំរីករាយនឹងឡេីងទៅឆ្លើយបំភ្លឺ ចំពោះបណ្ដឹងរបស់លោកជំទាវ ព្រោះខ្ញុំមិនបានប្រព្រឹត្តបទល្មេីសញុះញង់អ្វីនោះទេ ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី 1 ខែមិថុនាឆ្នាំ 2020 លោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅលោកផែង វណ្ណៈ ដែលបច្ចុប្បន្នមានទីលំនៅនៅភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលឱ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធនីភ្នំពេញនៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022 វេលាម៉ោង 2 និង 30 នាទីរសៀលដើម្បីសាកសួរអំពីដំណើររឿងបណ្ដឹងរបស់ឈ្មោះឡោក ខេង ចុះថ្ងៃទី 21 ខែមេសាឆ្នាំ 2020 ដែលប្ដឹងលោកពីបទញុះញង់ឲ្យមានការរើសអើង បរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថជាសាធារណៈ។ សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឱ្យបានទាន់ពេលវេលានិងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផងប្រសិនបើមាន។
សូមបញ្ជាក់ថា លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។ ចំណែកបក្ខពួកផ្សេងទៀតដែលក្នុងនោះមាន៧នាក់ ត្រូវបានគេស្គាល់ឈ្មោះ ត្រូវបានចោទប្រកាន់ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ។
ទោះជាយ៉ាងនេះក្តីក្នុងចំណោមអ្នកដែលត្រូវចោទប្រកាន់ទាំងនោះ មានតែ៣រូបប៉ុណ្ណោះ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈអ្នកផ្សេងទៀតស្ថិតនៅក្រៅឃុំនៅឡើយ។ មនុស្ស៣នាក់នោះ រួមមានទី១៖ ឡុង ដារ៉ា អាយុ៣៥ឆ្នាំ, ទី២៖ ឡូញ រស់ ភេទប្រុស អាយុ៤០ឆ្នាំ និងទី៣៖ ប៉ូច ថេន ភេទប្រុស អាយុ៥២ឆ្នាំ។
ទី១៖ លោក ស ថាវី អាយុ៥៣ឆ្នាំ (ក្រៅឃុំ)
ទី២៖ លោក ឡុង ដារ៉ា ហៅ ណាង (មានខ្លួន)
ទី៣៖ លោក ប៉ូច ថេន អាយុ៥២ឆ្នាំ (មានខ្លួន)
ទី៤៖ លោក ឡូញ រស់ អាយុ៤០ឆ្នាំ (មានខ្លួន)
ទី៥៖ លោក អ៊ុក ភក្តី កើតឆ្នាំ១៩៦៦ (ក្រៅឃុំ)
ទី៦៖ លោក យិន អ៉ិម (ក្រៅឃុំ)
ទី៧៖ លោក ម៉ាត់ ឌី អាយុ៥០ឆ្នាំ (ក្រៅឃុំ)
ទី៨៖ លោកស្រី យស់ ម៉ាលីណា (ក្រៅឃុំ)
ទី៩៖ និង គូកន (ក្រៅឃុំ)
ជនទាំង៣នាក់ខាងលើនេះ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធរឿងលួចលក់ដីអ្នកដទៃមានទំហំ ២២៩០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៨ កន្លងទៅ។ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមជនសង្ស័យទាំង៣រូបនេះ មកកាន់តុលាការ កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ច បញ្ជាក់ថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់ ១៥ម៉ឺនដុល្លារអាមេរិក ហើយបានចែកលុយនោះឲ្យទៅមេធាវីចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យលោក យិន អ៉ឺម ចៅសង្កាត់សំរោង ៤ម៉ឺនដុល្លារ ជាថ្លៃធ្វើឯកសារលក់ដីខាងលើ និងចែកមនុស្សមួយចំនួនទៀត។ ឈ្មោះ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី។
ឈ្មោះ ឡុង ដារ៉ា បានសារភាពប្រាប់សមត្ថកិច្ចថា ចំពោះដីស្រែដែលខ្លួនបានលក់នោះដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមាន លោក ស ថាវី ជាអ្នកបញ្ជាឲ្យខ្លួនជាអ្នកលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺឈ្មោះ អ៊ុ ភក្តី ជាអ្នករៀបចំឡើង៕
ដោយ៖កូឡាប