ភ្នំពេញ៖ បច្ចុប្បន្ននេះ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាននានានៅកម្ពុជា បានចាប់ផ្តើមសាងសង់លំនៅដ្ឋានប្រកបអាជីវកម្ម (shop house) ភាគច្រើន ព្រោះវាជាប្រភេទលំនៅដ្ឋាន ដែលកំពុងមានប្រជាប្រិយភាពពីសំណាក់ប្រជាពលរដ្ឋកម្ពុជាច្រើនជាងគេ។
អ្នកជំនាញអចលនទ្រព្យមើលឃើញថា សម្រាប់អ្នកដែលមានជីវភាពមធ្យម មានតម្រូវការរស់នៅប្រភេទលំនៅដ្ឋាន បែបប្រកបអាជីវកម្ម shop house នេះច្រើនជាងគេ ព្រោះ shop house ផ្តល់ទាំងភាពងាយស្រួលសម្រាប់ការរស់នៅផង និងអាចប្រកបមុខរបររកស៊ីផង។
ភាគច្រើនលំនៅដ្ឋានប្រភេទនេះ បានរីកសាយភាពពាសពេញទីក្រុង និងជាយក្រុង ដោយសារតែអត្ថប្រយោជន៍ជាច្រើនខុសពីប្រភេទដទៃ និងតម្លៃវិញ ក៏ស្ថិតទៅតាមនិងតំបន់នីមួយៗ ហើយបើនជាយក្រុងអាចមានត្រឹមចាប់ពី ៧ម៉ឺនឡើងទៅ។
បើតាមក្រុមហ៊ុន Century 21 បានឲ្យដឹងថា សម្រាប់អ្នកមានថវិកា ក្រោម១០ម៉ឺនដុល្លារ ពួកគេនិយមទិញលំនៅដ្ឋាន shop house នៅក្នុងតំបន់ខណ្ឌដង្កោរ និងខណ្ឌកំប៉ូល ព្រោះខណ្ឌទាំងនេះ កំពុងមានការអភិវឌ្ឍច្រើនទៅលើវិស័យលំនៅដ្ឋានបែបនេះ។ តម្លៃផ្ទះប្រភេទនេះ មានតម្លៃថ្លៃជាងផ្ទះល្វែងបន្តិច ព្រោះគេអភិវឌ្ឍន៍ តែងតែរកទីតាំង ដែលអាចស្ថិតនៅក្នុងទីប្រជុំជន និងប្រមូលផ្តុំដោយអាជីវកម្មចម្រុះ។
គួរបញ្ជាក់ថា ថ្វីត្បិតតែតំបន់ជាយក្រុង ឆ្ងាយពីកណ្តាលក្រុងក៏ពិតមែន ប៉ុន្តែ អ្នកជំនាញអចលនទ្រព្យ បានអះអាងថា ទីតាំងនេះ គឺសាកសមសម្រាប់គ្រួសារខ្នាតតូច ដែលចង់រស់នៅ និងប្រកបរបររកស៊ី ព្រោះនៅជិតទីក្រុង និងហ៊ុមព័ទ្ធទៅដោយផ្សារ និងតំបន់រកស៊ី៕
ដោយ៖CEN