ភ្នំពេញ៖ រថយន្តម៉ាកតាកូម៉ា 1គ្រឿង ឆ្លងស្តុបមិនប្រយ័ត្ន ជ្រុលទៅបុកនឹងរថយន្ត lexus 570 បណ្ដាលឱ្យរងការខូចខាតទ្វារចំហៀងយ៉ាងដំណំ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង 12 និង 40 នាទីថ្ងៃសុក្រទី 26 ខែមិថុនា ឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវម៉ុងរិទ្ធីកែវនឹងបណ្ដាផ្លូវណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តឡិចស៊ីស 570ពណ៌ខ្មៅ ដែលពាក់ផ្លាកលេខភ្នំពេញ 2BB 3699 បើកបរដោយស្ត្រីម្នាក់ធ្វើដំណើទិសដៅពីលិចមកកើត ឈ់បនៅនឹងស្តុប 24 ម៉ោង បណ្តោយផ្លូវហាណូយ កែងនឹងផ្លូវម៉ុងរិទ្ធី ស្រាប់តែភ្លាមនោះដែរ គេឃើញរថយន្តម៉ាកតាកូម៉ាមួយគ្រឿងទៀត ដែលពាក់ផ្លាកលេខ ភ្នំពេញ 2A 2203 បើកបរដោយបុរសម្នាក់ ស្រាប់តែមិនទាន់លោតភ្លើងស្តុបខៀវផង តៃកុងរថយន្តម៉ាក តាកូម៉ាក៏ជាន់ហ្វ្រាទៅមុខទាំងបំពានភ្លើងស្តុប ជ្រុលទៅបុកចំរថយន្តឡិចស៊ីសពេញទំហឹង បណ្តាលឲ្យខូចខាតនៅទ្វារចំហៀង ខាងឆ្វេង ទាំងស្រុង។
ក្រោយពេលកើតហេតុ សមត្តកិច្ចជំនាញមកដល់ធ្វើការវាស់វែង យកទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ សាមេត