ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត លើបងប្អូនខ្មែរ៨នាក់ និងជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ីត្រឡប់មកកម្ពុជា កាលពីថ្មីៗនេះ។
បើតាមសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩ថ្មីទាំង៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសថា ថ្ងៃនេះយើងរកឃើញករណីជំងឺកូវីដ-១៩ថ្មី ចំនួន៩នាក់(ខ្មែរ ៨នាក់ និងឥណ្ឌូណេស៊ី ១នាក់) មកពីប្រទេសឥណ្ឌូណេស៊ី និងជាសះស្បើយម្នាក់ ។ រហូតដល់ម៉ោង ៧និង៣០ព្រឹក ថ្ងៃទី ២៧ មិថុនា ២០២០ យើងរកឃើញករណីជំងឺកូវីដ-១៩ ថ្មី៩នាក់ (ករណីនាំចូលទាំងអស់)ដូច្នេះចំនួនសរុបកូវីដ-១៩ ១៣៩នាក់ចំនួនសម្រាកនៅពេទ្យឡើងដល់១០នាក់ ចំនួនជាសះស្បើយសរុបចំនួន១២៩នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគរាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យើងបានធ្វើតេស្តចំនួន 34316 ស្មើនឹង 2067 ក្នុង១លាននាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នករកឃើញមានជំងឺកូវីដទាំង៩នាក់ថ្មីនេះ ក្នុងចំណោមអ្នកដំណើរសរុបចំនួន៤០នាក់ ដែលបាន ធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកពីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
អ្នកដំណើរចំនួន៣១នាក់ ដែលបានធ្វើដំណើរតាមជើងយន្តហោះជាមួយអ្នកមានវិជ្ជមានកូវីដ១៩ ត្រូវបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលចត្តា ឡីស័ក មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង និងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាព និងស្រាវជ្រាវរកមេរោគកូវីដ១៩ ។
នៅថ្ងៃទី២៧ខែមិថុនានេះ មានអ្នកជំងឺកូវីដ១៩ម្នាក់ បានជាសះស្បើយ ដោយទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យរុស្ស៊ី។ អ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិកអាយុជាង៦០ឆ្នាំ ដែលត្រឡប់មកពីសហរដ្ឋអាមេរិក។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៩នាក់ ក្នុងនោះ ១២៩នាក់ បានព្យាបាលជាសះស្បើយ ខណៈ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
ដោយ៖កូឡាប