Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួនាទី​របស់​ប្រជា​ការពារ គឺ​ពិត​ជាមាន​សារសំខាន់ ក្នុងការ​ថែរក្សា​សណ្តាប់ធ្នាប់​សង្គម ទាំងថ្ងៃទាំងយប់​

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ប្រជា​ការពារ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយបាន​សហការ​យ៉ាង​ល្អ ជាមួយនឹង​កងកម្លាំង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ ដែលមាន​ប៉ូលិស ទាហាន និង​កងរាជអាវុធហត្ថ ពួកគាត់​គឺជា​កម្លាំង​ស្នូល​ដែល​ពី​ដើមឡើយ​ពោលគឺ ក្រោយ​ឆ្នាំ ១៩៧៩ ប្រជា​ការពារ​ភូមិ​គឺជា​កម្លាំង​ស្ម័គ្រចិត្ត ដែល​មិន​យកប្រាក់​ខែ​នោះទេ​។ ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ ដោយ​ការយកចិត្តទុកដាក់​ពី​សំណាក់ រាជរដ្ឋាភិបាល ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន កម្លាំង​ប្រជា​ការពារ​ត្រូវបាន​បញ្ចូល​ជា​បុគ្គលិក​ជាប់កិច្ចសន្យា ដែលមាន​ប្រាក់បៀវត្សរ៍​ចំនួន​៦៥​ម៉ឺន​រៀល​។​

​ការលើកឡើង​បែបនេះ របស់លោក​ឃួ​ង ស្រេង​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០២០ ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​បងប្អូន​ប្រជា​ការពារ​ខណ្ឌ​ទាំង​១៤​ខណ្ឌ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ហ៊ុន ម៉ា​នី លោ​កស សុខា និង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង​បាន​បន្តទៀតថា ការផ្ដល់​នូវ​អំណោយ​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ការពារ​នាពេល​នេះ គឺជា​ការគិតគូរ ពី​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ពី​សំណាក់​រាជរដ្ឋាភិបាល​។​

​លោក​ឃួ​ង ស្រេង ក៏បាន​ស្នើឱ្យ​បងប្អូន​ប្រជា​ការពារ បន្ត​ការផ្សព្វផ្សាយ​ពី​ការទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩ ដោយ​អនុវត្ត​ទៅតាម​ការណែនាំ របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។​

​លោក​ហ៊ុន ម៉ា​នី ក្នុងឱកាស​នោះ ក៏បាន​បញ្ជាក់ថា ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ វា​គឺជា​រឿង​របស់​យើងទាំងអស់គ្នា​។ លោក​បន្តថា ការទប់ស្កាត់​បាន​នូវ​ជំងឺ​កូ​វីដ​១៩ ដោយ​មិន​បានធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​កម្ពុជា គឺជា​ការបង្ហាញ​ពី​ភាពជោគជ័យ​របស់​កម្ពុ​ជា ខណៈ​ដែរ​ប្រទេស​មួយចំនួន​អនុវត្ត​មិនទាន់បាន​ល្អប្រសើរ​ដូច​ប្រទេស​យើង​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក្តី​យើង​មិនអាច​មើលស្រាល​នោះទេ ។ ដូច្នេះ​ទេ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បន្ត​លើក​កិច្ចការពារ ការឆ្លង​នៃ​ជំងឺ​នេះ​។​

​លោក​ហ៊ុន ម៉ា​នី បាន​ថ្លែង​ការ​អំណ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បងប្អូន​ប្រជា​ការពារ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ដោយ​មិន​ថា ក្តៅ ឬ​មាន​ភ្លៀង​ឡើយ សំដៅ​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ហើយ​នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង បងប្អូន​ប្រជា​ការពារ ជា​កម្លាំង​ជួរមុខ ក្នុងការ​ទប់ស្កាត់​នៅ​ព្រឹត្តិការណ៍​ទាំងនោះ ។​

​លោក​បន្តថា តួនាទី​របស់​ប្រជា​ការពារ គឺ​ពិត​ជាមាន​សារសំខាន់​ក្នុងការ​ថែរក្សា​សណ្តាប់ធ្នាប់​សង្គម ទាំងថ្ងៃទាំងយប់ ហើយ​ពេលខ្លះ​តម្រូវ​ឲ្យ​បំពេញការងារ​ផ្សេងៗ​ទៀត រួមទាំង​អនាម័យ​បរិស្ថាន និង​ការសម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។ ពោលគឺ​ប្រជា​ការពារ​យើង​ធ្វើការ​ផ្ទាល់​ជាមួយ​មហាជន និង​ដើម្បី​មហាជន ដែល​ពេលខ្លះ​យើង​ទទួល​នូវ​ការ​សាទរ​ពី​ប្រជាជន​ផង ហើយ​ពេលខ្លះ​ក៏​ទទួល​ការរិះគន់​ផង​។ ទោះបីជា​យ៉ាងណា មានការ​សាទរ​ច្រើនជាង​ការរិះគន់​។ ដូច្នេះ សូម​បងប្អូន​ប្រជា​ការពារ​បន្ត​ការចូលរួម ថែរក្សា​សណ្តាប់ធ្នាប់​សង្គម ជាមួយនឹង​ការបង្កើន​ទំនាក់ទំនង​ល្អ ជាមួយ​ប្រជាជន​ជាពិសេស​ការទទួលបាន​នូវ​ជំនឿ​ទុកចិត្ត​ពី​មហាជន​គឺត្រូវធ្វើ​ជាប្រចាំ​។ ខ្ញុំ​សូម​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ការបំពេញភារកិច្ច ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ល្អ​ក្នុងសង្គម​នេះ​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ មានការ​ឈានទៅដល់​ការវាយប្រហារ មកលើ​ប្រជា​ការពារ​របស់​យើង​ប្រមាណ​៣៩​នាក់ ដែល​ខ្លះ​ត្រូវការ​សង្គ្រោះបន្ទាន់​។ នេះ​ជា​មេរៀន​ដែល​មិនអាច​អនុញ្ញាត​ឲ្យ​កើត​ឡើងវិញ​នោះទេ​។ ការអនុវត្ត​នីតិរដ្ឋ​ត្រូវ​ឲ្យ​មាន​ភាព​ហ្មត់ចត់ ដើម្បី​ធានាថា ជីវភាព​ប្រជាជន​ភាគច្រើន​បាន​ក្តី​សុខ ហើយ​ធានាថា មិន​ឲ្យ​បាត់​សណ្តាប់ធ្នាប់​សង្គម ពោលគឺ​មិន​អនុញ្ញាត​ឲ្យ​សង្គម​មាន​ភាពវឹកវរ​ដូច​ឆ្នាំ​២០១៣ និង​ដើម ២០១៤ ជាដាច់ខាត​។ កងកម្លាំងប្រដាប់អាវុធ ទាំងអស់​អាច​អព្យាក្រឹត​ចំពោះ​គណបក្សនយោបាយ តែ​មិនអាច​អព្យាក្រឹត​មុខ​រដ្ឋអំណាច​បាន​នោះទេ​។​

​សូម​អរគុណ​ចំពោះ​បងប្អូន​ប្រជា​ការពារ ដែល​បាន​ប្រឹងប្រែង និង​បំពេញភារកិច្ច​ក្នុងដំណាក់កាល​នោះ និង​សូម​សំណូមពរ​ផងដែរ សូម​ឲ្យ​មានការ​យោគយល់​គ្នា ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ជាមួយនឹង​សកម្មភាព​ដែល​ធ្វើឡើង ដើម្បី​សុខ​សុវត្ថិភាព​ប្រជាជន​យើង​ជារួម​៕

ដោយ​៖​កូ​ឡាប​

×