Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ៖ តើ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ មានការ​ចម្លង​វីរុស​កូ​វីដ​-១៩​នេះ ពី​កន្លែង​ណា​?

​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី 27 ខែមិថុនា​ឆ្នាំ 2020 បាន​មានប្រសាសន៍ថា សម្រាប់​សំណួរ​ថា តើ​បុគ្គល​ដែលមាន វិជ្ជមាន​វីរុស​កូ​វីដ​-១៩ មានការ​ឆ្លង​វីរុស​នេះ​នៅ​កន្លែង​ណា​? ខ្ញុំ​សូម​ជម្រាបជូន​ថា យើង​មិនអាច​ដឹង​បានទេ ដោយសារ​យើង​ក៏​មិនដឹង​ដែរ​ថា វីរុស​កូ​វីដ​-១៩ នេះ មាន​អត្តចរិត​បែបណា និង​នៅ​កន្លែង​ណា​ដែរ ហើយក៏​មិនអាច​ដឹងបាន​ថា តើ​បុគ្គល​នេះ គាត់​បាន​ប៉ះពាល់​អ្វីខ្លះ​ដែលមាន​វត្តមាន​វីរុស​នេះដែរ​? សូម្បីតែ​បុគ្គល​ផ្ទាល់ ក៏​គាត់​ប្រហែលជា​មិនបាន​ដឹងខ្លួន​ផង​។ តែ​អ្វីដែល​យើង​ដឹង​នោះ គឺ​បណ្តាលមកពី​កង្វះខាត​ក្នុងការ​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​បាន​ត្រឹមត្រូវ ជាពិសេស ហានិភ័យ​ខ្ពស់​នៅពេលដែល​បុគ្គល​ចល័ត ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​ភ្លេច​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​។

​លោកជំទាវ បានលើកឡើង​ទៀតថា ដូច្នេះហើយ បានជា​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ឲ្យ​ចេះ​ការពារ​ខ្លួន កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ដោយ​ត្រូវ​ចេះ​ផ្លាស់ប្តូរ​ទម្លាប់​របស់ខ្លួន​ឲ្យ​ស្របតាម “​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​” ។ ខ្ញុំ​ធ្លាប់បាន​ពន្យល់​ហើយ​ថា ការធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន មិនមែន​មានន័យថា​យើង​អត់​មាន​វីរុស​នេះ​រហូត​នោះទេ​។ អវិជ្ជមាន​ពេល​ម៉ោង​ដែល​ធ្វើតេស្ត តែ​ចប់​ពី​ពេលធ្វើ​តេស្ត​ទៅ គឺអាច​ឆ្លង​ចូលខ្លួន​បុគ្គល នៅ​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង ប្រសិនបើ​ភ្លេចខ្លួន ឫ​មិនបាន​ការពារ​ខ្លួន​ទេនោះ​។

​ម្យ៉ាងទៀត ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ គឺ​យើង​មិនត្រូវ​មើលរំលង​ទេ ដោយ​វីរុស​កូ​វីដ​-១៩ នេះ វ៉ៃ​លុក​ផ្លូវដង្ហើម​សាហាវ​ណាស់ ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ដកដង្ហើម​ណាស់ រហូតដល់ ត្រដរខ្យល់​ដោយ​ខ្វះ​អុកស៊ីហ្សែន ដែល​ក្រុមគ្រូពេទ្យ​ក៏​ពិបាក​នឹង​ជួយសង្គ្រោះ​ឲ្យ​ផុតពី​សេចក្តីស្លាប់​។ ជ្រោះ​មរណៈ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ស្ថិតនៅក្នុង​ស្ថានភាព​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ​ណាស់​នៅលើ​សាកលលោក នៅក្នុង​តំបន់ នៅតាម​បណ្តា​ប្រទេស នៅតាម​សហគមន៍ និង​សម្រាប់​បុគ្គល​។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង ជាពិសេស​បុគ្គល​គ្រប់រូប ត្រូវតែ​ខិតខំ​បន្ត​កិច្ចការពារ​ខ្លួន​ពី​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន ក្រុមគ្រួសារ​ខ្លួន និង​សហគមន៍​របស់ខ្លួន គ្មាន​ការចម្លង​វីរុស​កូ​វីដ​-១៩ ។

​សូម​អនុវត្តន៍​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ជាមួយនឹង​ការអនុវត្តន៍​កិច្ចការពារ​ខ្លួន​ជាប់​ជាប្រចាំ ដើម្បី​ចៀស​ផុតពី​ជ្រោះ​មរណៈ ដោយ​សារភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​គ្រប់ៗ​គ្នា​។ សូម​អរគុណ​ជា​អនេក​នូវ​រាល់​ការចូលរួម​ទាំងអស់ ដើម្បី​ទប់ស្កាត់​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា​៕

​ដោយ​៖​កូ​ឡាប​


×