ភ្នំពេញ៖ ជនសង្ស័យឈ្មោះសុខលី សម្បត្តិ ហៅវ៉េវ បានសារភាពថា ពិតជាបានចាក់សម្លាប់ប្រពន្ធរបស់ខ្លួនមែន មូលហេតុដោយសារ ប្រច័ណ្ឌដោយប្រពន្ធរបស់ខ្លួន លេងឆាតហ្វេសប៊ុកជាមួយប្រុសផ្សេង ពោលពាក្យអូន បង ហើយទូរស័ព្ទដាក់លេខកូដមិនឲ្យខ្លួនបើកមើលនិងមិនឲ្យកាន់ ហើយបានជេរតិះដៀលមកលើខ្លួននិងក្រុមគ្រួសារ និងប្រកែកឈ្លោះគ្នាញឹកញាប់ និងមិនបានឲ្យខ្លួនដេកក្បែរ២-៣ខែមកហើយ។
យោងតាមការសាកសួរចម្លើយរបស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពេលឃាត់ខ្លួនជនសង្ស័យ។
លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះថា មានករណីឃាតកម្មគិតទុកជាមុនមួយបានកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង៣០នាទី នៅចំណុចភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខលី សម្បត្តិ ហៅវ៉េវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គឈ្នួល ខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅកន្លែងកើតហេតុខាងលើ។ សពឈ្មោះលាង ផល្លា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការីរោងចក្រ ស្នាក់នៅផ្ទះចំណុចកើតហេតុ។
លោកនាយការិយាល័យបន្តថា ដោយមានការសម្របសម្រួលពីលោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌកំបូល ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះសុខលី សម្បត្តិ ហៅវ៉េវ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩និង២០នាទី នៅចំណុចរង្វង់មូលលោកតាក្រហម ក ទីរួមខេត្តកំពង់ធំ។
ក្រោយការសាកសួរយកចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់សម្លាប់ប្រពន្ធរបស់ខ្លួនពិតប្រាកដមែន។ ដោយមូលហេតុប្រច័ណ្ឌដោយប្រពន្ធរបស់ខ្លួន លេងឆាតហ្វេសប៊ុកជាមួយប្រុសផ្សេង ពោលពាក្យអូន បង ហើយទូរស័ព្ទដាក់លេខកូដមិនឲ្យខ្លួនបើកមើលនិងមិនឲ្យកាន់ ហើយបានជេរតិះដៀលមកលើខ្លួននិងក្រុមគ្រួសារនិងប្រកែកឈ្លោះគ្នាញឹកញាប់និងមិនបានឲ្យខ្លួនដេកក្បែរ២-៣ខែមកហើយ នៅថ្ងៃកើតហេតុក៏មានទំនាស់គ្នាឆ្លៀតពេលប្រពន្ធកំពុងហាលខោអាវខ្លួនក៏ដើរទៅយកកាំបិតពីក្នុងផ្ទះបាយមកចាក់ចំលើដោះខាងស្តាំ បណ្តាលឲ្យស្លាប់ហើយខ្លួនជិះម៉ូតូគេចខ្លួនទៅខេត្តកំពង់ធំ តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនខ្លួនទៅអធិការខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ៖កូឡាប