ភ្នំពេញ÷ អាសូរខ្លាំងណាស់ បុរសម្នាក់ដេកបែកពពុះមាត់ស្លាប់ នៅលើម៉ូតូកង់បី ដោយពុំទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ។
ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង ៣ និង ២០ នាទី ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ ២០២០ ស្តិតនៅតាមបណ្តោយផ្លូវ ៦៣ កែងនិងផ្លូវ ២១៤ នៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែលស្លាប់មានឈ្មោះ ម៉ែន នឹង រស់នៅភូមិត្រពាំងតាសោម ឃុំត្រពាំងជំនាងខាងត្បូង
ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរសព្វថ្ងៃរត់ម៉ូតូកង់បី និងធ្វើជាសន្តិសុខ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីព្រឹកមិញនេះ ប្រហែលម៉ោង ៩ ប្រជាពលរដ្ឋបានឃើញគាត់ នៅរត់ម៉ូតូកង់បីជាធម្មតាទេ លុះមកដល់ប្រហែលជាម៉ោង ៣ រសៀល បុរសខាងឈ្មោះ ម៉ែន នឹង បានជិះម៉ូតូកង់បីឡើងទុកនៅចិញ្ចើមផ្លូវ រាងសភាពងងុយដេករួចក៏ដោះអាវដេកនៅលើកង់បី ស្រាប់តែមួយសន្ទុះក្រោយមកគេ ឃើញគាត់រាងបែកពពុះមាត់មិនដឹងមូលហេតុ ដោយឃើញ សភាពបែបនេះប្រជាពលរដ្ឋ បានទាក់ទងទៅខាងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកមើល និងពិនិត្យបន្ថែមឃើញថាគាត់បានដេកបែកពពុះមាត់ស្លាប់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជុំនាញ និងកោសល្យវិច័យ មកដល់រួចធ្វើកំណត់ហេតុ ដើម្បីយកសពបុរសឈ្មោះម៉ែន នឹង យកទៅតម្កល់ទុកទៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមក៕
ដោយ៖ សាម៉េតនិង ភក្ត្រា