ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលព័ត៌មាននៃក្រុមហ៊ុនផេនមេឌាគ្រុប ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពនាយឧត្តមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ២៖០៤ទៀបភ្លឺ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យសពធ្វើឡើងគេហដ្ឋាននៃសព ស្ថិតនៅ ផ្ទះលេខ ៤៦ ផ្លូវ២៤០ ក្រុម២៨ ភូមិទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលព័ត៌មាននៃក្រុមហ៊ុនផេនមេឌាគ្រុប បានចាត់ទុកថា មរណភាពរបស់នាយឧត្តមសេនីយ៍ ចក់ ឡេង គឺមិនត្រឹមតែជាការបាត់បង់ ឧត្តមស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះ ភរិយា បុត្រា បុត្រី និងចៅៗប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានបំពេញភារកិច្ចពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង រួមចំណែកនាំមកនូវ សុខសន្តិភាព ស្ថិរភាព ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលព័ត៌មាននៃក្រុមហ៊ុនផេនមេឌាគ្រុប សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ ចក់ ឡេង បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖កូឡាប