ខេត្តព្រះសីហនុ ៖ ថ្នាក់ដឹកនាំសាលាដំបូងខេត្តព្រះសីហនុ បានអះអាងថា នឹងបន្តពង្រឹងការអនុវត្តការងារកាត់ក្តី លើសំណុំរឿងផ្សេងៗ របស់គ្រប់ភាគីពាក់ព័ន្ធ ឲ្យមានតម្លាភាព និងមានយុត្តិធ៌មស្របតាមគតិច្បាប់។
ប្រធានសាលាដំបូងខេត្តខេត្តព្រះសីហនុ លោក ម៉ុង មុន្នីចរិយា បានប្តេជ្ញាដូច្នេះ គឺធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០១៨ របស់សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍កន្លងទៅ។
ទន្ទឹមគ្នានេះ មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នអាគារ ឬបន្ទប់ពន្ធនាគារនៅខេត្តនេះ គឺចង្អៀត ព្រោះអ្នកទោសកើនច្រើន ដែលទាមទារឲ្យផ្នែកពាក់ព័ន្ធរួមគ្នាដោះស្រាយជាបន្តបន្ទាន។ ប្រភពដដែលបន្តថា ចំនួនអ្នកទោសគ្រឿងញៀន និងអ្នកទោសជាជនបរទេស បានកើនច្រើន នៅពន្ធនាគារខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។
មន្ត្រីពន្ធនាគារ បានឲ្យដឹងថា ចំនួនអ្នកទោសដែលចេះតែកើនច្រើន នៅពន្ធនាគារខេត្តព្រះសីហនុ ជាបន្តបន្ទាប់មកនេះ គឺអ្នកទោសភាគច្រើនជាប់ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន។ ក្នុងនោះអ្នកទោសជាជនបរទេសក៏មានចំនួនច្រើនដែរ។
មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា រាល់ថ្ងៃនេះ ទោះបីជាពន្ធនាគារខេត្តនេះ បានផ្លាស់ប្តូរទីតាំង ទៅកាន់ទីតាំងថ្មីបែបណាក្តី ក៏ប៉ុន្តែដោយចំនួនអ្នកទោសបានកើនច្រើន ទើបបានបណ្តាលឲ្យ អាគារឃុំឃាំងអ្នកជាប់ទោសកាន់តែចង្អៀត និងជួបការលំបាកខ្លាំង៕ ដែន សីមា