ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសព័ត៌មានថា មានអ្នកជាសះស្បើយ ១នាក់ ទៀតហើយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ ជាបុរសដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី។ ខណៈពេលអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ នៅទូទាំងប្រទេសសរុបចំនួន១៤១ នាក់។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួនព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសចំនួន១៣០នាក់ ស្នើនឹង៩២,២០ភាគរយ ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ ១៩ ទាំងអស់។ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន១១នាក់ ។
ករណីជាសះស្បើយ១នាក់ នៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០ គឺបុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕
ដោយ៖កូឡាប