Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​រាជការ សិស្ស​និស្សិត ឲ្យ​រួម​គ្នា​ដាំ​កូន​ឈើ ប៉ុន្តែ​ព្រៃឈើ​មាន​ស្រាប់​បើកដៃ​ឲ្យ​កាប់បំផ្លាញ​

ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រីរាជការ​ទាំង​ស្ថាប័ន​ស៊ីវិល ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​តាម​សាលា​មួយចំនួន ធ្វើ​ពិធី​ដាំ​កូន​ឈើ​ប្រណីត នៅក្នុង​បរិវេណ​សាលាខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ ទី​២៩ ខែ​មករា ឆ្នាំ​២០១៨​។​

​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ពិធី​ដាំ​កូនឈើ​នាឱកាស​នេះ គឺជា​ព្រះ​រាជអំណោយ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​ជូន រដ្ឋបាលខេត្ត ដើម្បី​ដាំ​ជា​និមិត្តរូប នៃ​ការ​បំផុស​ចលនា ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ចូលរួម​ដាំ​ដើមឈើ ឲ្យបាន​ទាំងអស់គ្នា​នៅ​ទូទាំង​ប្រទេ​ស​កម្ពុជា​។​

​ទន្ទឹម​គ្នា​បាន​ចលនា​ឲ្យ មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ក្រុម​យុវជន ចូលរួម​ដាំ​កូនឈើ ផ្តើម​ដោយ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ពេលនេះ គេ​សង្កេតឃើញថា ដី​គម្រប​ព្រៃឈើ​បៃតង​ឆ្នាំ​២០០២ ដែល​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បម្រុង​ទុក​និង​បាន​ដាក់ជូនឲ្យ​រដ្ឋបាល​ខេត្តព្រះសីហនុ ថែរ​ក្កន្លងមក ប៉ុន្តែ​បច្ចុប្បន្ន​នេះ ត្រូវបាន​កាប់បំផ្លាញ​រាន​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​ស្ទើរ​ទាំងស្រុង​អស់​ទៅហើយ​។​

​ជាក់ស្តែង​បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង មាន​ទីតាំង​នៅ​តំបន់​ពយ​ម៉ាចូ​វ ស្ថិតក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង និង​ឃុំ​មួយចំនួនទៀត នៃ​ស្រុក​ព្រៃនប់ ត្រូវបាន​គេ​ឃុបឃិត​គ្នា​កាប់បំផ្លាញ​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ស្ទើរ​ទាំងស្រុង​ក្នុង​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ​។
​ស្រដៀង​គ្នា​នេះដែរ ព្រៃឈើ​ធម្មជាតិ ដែល​មាន​ដើម​ធំៗ​ដុះ​ដូច​ម្រាមដៃ នៅលើ​កោះរ៉ុង ស្ថិតក្នុង​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ក៏​ត្រូវ​គេ​ឃុបឃិត​គ្នា​កាប់​បំផ្លាញ​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​អាជ្ញាធរ ពី​ស្ថាប័ន​ណាមួយ​ចេញមុខ​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​ទេ​។

​អ្នកឃ្លាំមើល​សង្គម បាន​កត់សម្គាល់​ថា សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃឈើ​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ ឯកជន នា​ខេត្ត​ព្រះសីហនុ មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺ​មាន​ទាំង​មន្ត្រី​ជា​ថ្នាក់ដឹកនាំ​នៅតាម​ស្ថាប័ន​ជំនាញ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ខ្លះ កំពុង​បំរើ​ការងារ​នៅក្នុង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​មាន​ឋាន់​ខ្ពស់​នៅតាម​ក្រសួង និង​ស្ថាប័ន​រដ្ឋ​កំពូលៗ​មួយចំនួន ក៏​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ឬ​ភាពអនាធិបតេយ្យ នៃ​ការបំផ្លាញ​ព្រៃឈើ ដែល​មាន​នៅ​សេសសល់ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​នេះដែរ​។​

​ទាក់ទិន​បញ្ហា​នេះ អ្នកឃ្លាំមើល​សង្គម ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅក្នុង​អាណត្តិ​នេះ ថា​អសមត្ថភាព ក្នុង​សកម្មភាព​ការពារ​ធនធាន​ព្រៃឈើ ឲ្យបាន​គង់វង្ស​នោះទេ ព្រោះ​សង្កេតឃើញថា បទល្មើស​ព្រៃឈើ​ដែល​កើតមាន​កន្លង​មក​នា​មូលដ្ឋាន​នេះ​មានដូចជា​៖ សកម្មភាព​បំផ្លាញ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង និង​ការបំផ្លាញ​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ស្រុក​ព្រៃនប់​ជាដើម មិនសូវ​ឃើញ​មន្ត្រី​ជំនាញ នៅតាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​៖ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម ជាពិសេស​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​តែម្តង មាន​វិធានការ​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​ទេ​។ បច្ចុប្បន្ន​ព្រៃឈើ ដែល​មាន​នៅ​សេសសល់​នា​ខេត្ត​ព្រះសីហនុ គឺ ត្រូវ​គេ​កាប់​បំផ្លាញ​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ស្ទើ​ទាំងស្រុង ជា​ឧទារណ៍​ព្រៃឈើ​នៅ​លើ​កោះរ៉ុង និង​ដី​គម្រប​ព្រៃឈើ​បៃតង​ឆ្នាំ​២០០២​ជា​ភស្តុតាង​ស្រាប់​៕ ដែន សីមា​