ខេត្តរតនគិរី÷ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យជនរងគ្រោះបែកលលាដ៍ក្បាលនិងខួរខ្ទាតពេញចិញ្ចើមផ្លូវគួរឲ្យសង្វេគ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៧៨ស្ថិតនៅក្នុងភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា គ្រួសារជនរងគ្រោះតែងមានជម្លោះក្នុងគ្រួសារឲ្យតែកើតមានម្តងៗភាគី ប្រពន្ធរបស់គាត់តែងជំទាលជេរគាត់ ថែមទាំងដាក់ទំនាយថា(អាឡានបុកងាប់ )ទៀតផង ពេលនេះភាគីប្តីបានស្លាប់ដោយឡានបុកដូចបណ្តាសា របស់ប្រពន្ធមែន ប៉ុន្តែអ្វីដែល ឃើញជាក់ស្តែង នាងប្រពន្ធ មិនបានជំទាលជេរទៀតទេគឺគាត់សម្តែងអាការសោកស្តាយ ស្រែកជំទាលយំឡើងហើមភ្នែក។
ប្រភពបានបន្តថា ជនរងគ្រោះជិះម៉ូតូមកពីស្រុកអូរជុំ ទៅធ្វើការសំណង់នៅភូមិលុងឃុង ស្រុកបរកែវ មិនទាន់ទៅដល់ផង ក៏ស្លាប់នៅពាក់កណ្តាលផ្លូវតែម្តង។
នាយប៉ុស្តិ៍រដ្ឋបាលឃុំទីងចាក់លោក ខាំ ស៉ី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ តាច ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិ ថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ជិះម៉ូតូម្នាក់ឯង១គ្រឿងម៉ូតូម៉ាក វី វ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក 7726 ប.ជ ក្នុងទិសដៅពីលិចទៅកើត។ រីឯរថយន្តកែច្នៃ១គ្រឿងម៉ាកឡង់គ្រីស័រ កាត់ទ្រុង ក្បាលពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2F-0723 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបានស្រមោល បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ ។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញបានចុះមកធ្វើការវាស់វែង បានដកហូតមធ្យោបាយទាំងពីរគ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍ឃុំទីងចាក់ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
ដោយឡែកសពជនរងគ្រោះ កម្លាំងប៉ុស្តិ៍បានធ្វើការប្រគល់ទៅឲ្យសាច់ញាតិ ដើម្បីយកទៅបុណ្យទៅតាមប្រពៃណី៕
ដោយ៖បញ្ញាស័ក្តិ