ព្រះសីហនុ៖ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបទបង្ហាញលទ្ធផលសិក្សាសង្ខេប លើគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីធ្យូងថ្ម របស់ក្រុមហ៊ុន អេស ប៊ី ខេ រ៉ីស៊ីន អេន ឌីវេឡុមមេន មានអនុភាព ២គុណ៣៥០មេហ្គាវ៉ាត់ គ្រោងសាងសង់លើផ្ទៃដី ៥៤,៩ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល។
តាមតំណាងក្រុមហ៊ុន អេស ប៊ី ខេ រ៉ីស៊ីន អេន ឌីវេឡុមមេន បានឱ្យដឹងថា ក្រុមហ៊ុនបានទទួលសិទ្ធិសាងសង់រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម មានអនុភាព ២គុណ៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញចំណុចនិយាមកាគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោង ផលប៉ះពាល់សំខាន់ៗ និងវិធានការដោះស្រាយមួយចំនួនក្នុងដំណាក់កាលប្រតិបត្តិគម្រោងសុវត្ថិភាពការងារមានដូចជា៖ -គោលការណ៍សុវត្ថិភាពទាក់ទង និងខ្សែពាន, គន្លឹះសុវត្ថិភាពនៅតំបន់ស្តុកធ្យូងថ្ម និងផេះធ្យូងថ្ម និងកន្លែងកិនធ្យូងថ្ម, សុវត្ថិភាពការងារនៅទីខ្ពស់, បុគ្គលិកធ្វើការនៅមន្ទីរពិសោធន៍, បុគ្គលិកធ្វើការនៅកន្លែងដែលមានសំឡេងខ្លាំងៗ, បុគ្គលិកធ្វើការនៅកន្លែងឡចំហាយ, សុវត្ថិភាពនៅកន្លែងផ្ទេរចរន្តអគ្គិសនី (Switch Yard), ការផ្តល់ជូននូវអនាម័យ និងសុខុមាលភាពជូនដល់បុគ្គលិក-កម្មករ, ការបិទស្លាកសញ្ញា និងគំនូសចរាចរណ៍នៅតាទីតាំងសំខាន់នៅក្នុងរោងចក្រ, ការអប់រំ, ការសង្គ្រោះបឋម, ការស៊ើបអង្កេតគ្រោះថ្នាក់ និងរបាយការណ៍, ប្រព័ន្ធពន្លត់អគ្គិភ័យ, ប្រព័ន្ធគ្រប់គ្រងខ្យល់ និងកំដៅក្នុងរោងចក្រជាដើម។
គម្រោងរោងចក្រផលិតអគ្គិសនីធ្យូងថ្មកម្លាំង ២គុណ៣៥០MW ផ្តល់ផលប្រយោជន៍ដូចជា ផ្តល់ការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការនាំចូលអគ្គីសនីពីប្រទេសជិតខាងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ។ ហើយគម្រោងសាងសង់នេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២២ខាងមុខ។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមហ៊ុន អេស ប៊ី ខេ រ៉ីស៊ីន អេន ឌីវេឡុមមេនដែលបានធ្វើបទបង្ហាញពីផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ អភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ដែលមានអនុភាព ២គុណ៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តនិងចូលរួមសហការ ដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងកាសាងសង់ស្ពានជញ្ជូនធ្យូងថ្ម និងការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម នៅស្រុកស្ទឹងហាវ ប្រកបដោយរលូន ព្រមទាំងធ្វើការណែនាំមួយចំនួនដូចជា៖ ការសាងសង់ស្ពានជញ្ជូនធ្យូងថ្មដើម្បីផ្គត់ផ្គង់រោងចក្រ, រៀបចំទីតាំងស្តុបធ្យូងថ្ម ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន, ក្រុមហ៊ុនអនុវត្តច្បាប់ការងារ និងបទដ្ឋានគតិយុត្តនានាដល់និយោគិន និងកម្មករ, សិក្សាសុខមាលភាពប្រជាពលរដ្ឋដែលរស់នៅលើគម្រោងសាងសង់រោងចក្រផលិតធ្យូងថ្មចំងាយ ១០គីឡូម៉ែត្រ ការពារដល់ផលប្រយោជន៍សុខភាពសាធារណៈក្នុងខេត្តព្រះសីហនុ៕
ដោយ៖CEN