ខេត្តមណ្ឌលគិរី៖ សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគីរី បានឲ្យដឹងថា យ៉ាងហោចមានអ្នកកាសែតមកពីអង្គភាពផ្សេងៗគ្នាប្រមាណ ២០នាក់ បានឈប់រថយន្តរៀងៗខ្លួន ដើម្បីថតរូបភាពផ្សេងៗ នៅក្បែរឃ្លាំងស្តុកឈើមួយកន្លែង របស់ក្រុមហ៊ុនយូនីហ្គ្រីន មានទីតាំងនៅភូមិអូរយេះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ បានរត់បាតជើងសព្រាត ព្រោះសង្ស័យថា មានខ្មាន់កាំភ្លើងបាញ់រះគម្រាមពួកគេ។
បច្ចុប្បន្ន ក្រុមអ្នកកាសែតប្រមាណ ២០នាក់ បានដាក់ពាក្យ បណ្តឹងប្តឹងក្រុមហ៊ុនយូនីហ្គ្រីន ទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកោះញែក ខេត្តមណ្ឌលគីរី ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ និងរកយុត្តិធ៌មដល់ពួកគេ។ អ្នកកាសែតមួយចំនួនស្ថិតក្នុងចំណោមអ្នកកាសែតទាំង ២០នាក់ បាននិយាយប្រាប់អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តមណ្ឌលគីរីថា នៅពេលមានសំឡេងបាញ់រះប្រមាណជិត ១០គ្រាប់ ស្របពេលពួកគេកំពុងថតយករូបភាពផ្សេងៗ នៅជិតរបងក្រុមហ៊ុនយូនីគ្រី ដោយសង្ស័យខ្មាន់កាំភ្លើង បាញសំដៅពួកគេ ក៏បានរត់ចែកផ្លូវគ្នាបាតជើងសព្រាត ហើយអំឡុងពេលនេះ ក៏មានអ្នកកាសែតខ្លះ បានរត់បុកក្បាលគ្នាពកប៉ុនផ្លែក្រសាំងក៏មានដែរ។
យ៉ាងណាក៏ដោយចុះ ក្រុមអ្នកកាសែតទាំងនោះ បានឲ្យដឹងថា ពួកគេមានគ្នា ២០នាក់ បានសហការគ្នាចុះយកព័ត៌មានចំណុចឃ្លាំង លោកឧកញ៉ា តុប វីដា របស់ក្រុមហ៊ុនយូនីហ្គ្រីន មានទីតាំងនៅទល់មុខឃ្លាំង លោកឧកញ៉ា ហ៊ុន ជា ចាស់។
អ្នកកាសែតម្នាក់ បានរៀបរាប់មុនពេលមានការផ្ទុះអាវុធថា ក្នុងអំឡុងពេលក្រុមអ្នកកាសែតទាំងនោះ កំពុងផ្តិតយករូបភាព ពីបរិវេណខាងក្រៅ របងឃ្លាំងក្រុមហ៊ុនយូនីគ្រីន បានមួយសន្ទុះក៏មានក្រុមកម្មករក្រុមហ៊ុនយូនីហ្គ្រីន បាននិយាយគម្រាមសម្លាប់ក្រុមអ្នកកាសែត បន្ទាប់មកក៏មានការផ្ទុះ អាវុធស្ទើរមួយបង់ចេញពីក្នុងឃ្លាំង ប៉ុន្តែពួកគេមិនដឹងថា បាញ់សំដៅគោលដៅណាឲ្យពិតប្រាកដនោះទេ។
យោងតាមកំណត់ត្រា នៅក្នុងពាក្យបណ្តឹង របស់ក្រុមអ្នកកាសែតទាំង ២០នាក់ បានបញ្ជាក់ថា ក្រោយពេលមានផ្ទុះអាវុធប្រមាណ ១០នាទី ពួកគេឃើញមានរថយន្តម៉ាកធន់ដ្រា ១គ្រឿង បានបើកយ៉ាងលឿនសំដៅកន្លែងប្រមូលផ្តុំគ្នា របស់ក្រុមអ្នកកាសែតទាំង ២០នាក់ ក្នុងបំណងបុកសម្លាប់អ្នកកាសែត។
ពាក្យបណ្តឹងដដែល ក៏បានអះអាងថា បន្ទាប់មកអ្នកបើកបររថយន្ត បម្រុងបើកបុកសម្លាប់អ្នកកាសែតរួចមក អ្នកបើករថយន្តរូបនេះ ក៏ចុះពីរថយន្តរត់សំដៅឃ្លាំង របស់ក្រុមហ៊ុនយូនីហ្គ្រីន ដោយស្រែកខ្លាំងៗថា ទៅយកកាំភ្លើងបាញ់សម្លាប់អ្នកកាសែតទាំង ២០នាក់នោះចោលទៀត។ អ្នកគម្រាមបាញ់សម្លាប់ក្រុមអ្នកកាសែតនោះ មានឈ្មោះ ផាន់ណា ដែលត្រូវជាប្អូនថ្លៃ របស់ លោកឧកញ៉ា តុប វីដា។
ទាក់ទិនបញ្ហានេះ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកកោះញែក លោក រស់ បញ្ញា បានអះអាងនៅក្រោយពេល ទទួលបានពាក្យបណ្តឹងពីក្រុមអ្នកកាសែតថា ករណីក្រុមអ្នកកាសែតសង្ស័យករណីបាញ់កាំភ្លើងគម្រាមសម្លាប់ពួកគេ ចេញពីក្រុមហ៊ុនយូនីហ្គ្រីន គឺមិនមែនជាការពិតនោះទេ ព្រោះជាសំឡេងក្មេងៗដុតផាវលេងតែប៉ុណ្ណោះទេ។
លោកបន្តថា នៅពេលក្មេងដុតផាវនោះ ក៏ស្របពេលក្រុមអ្នកកាសែត បានចុះទៅដល់ជិតរបងក្រុមហ៊ុនយូនីហ្គ្រីន ក៏សង្ស័យថាជាសំឡេងបាញ់កាំភ្លើង ហើយក៏បានភ័យខ្លាចស្លន់ស្លោ រត់ចែកផ្លូវគ្នាបាតជើងសព្រាត មកប្ដឹងកម្លាំងសមត្ថកិច្ច លោក។ ប៉ុន្តែពេលពិនិត្យជាក់ស្តែងក្រោយពេលមានក្រុមអ្នកកាសែត មកសុំជួយអន្តរាគមន៍ គឺកម្លាំងអាវុធហត្ថស្រុកកោះញែក បានរកឃើញគ្រាប់ផាវជាច្រើនគ្រាប់ នៅម្តុំឃ្លាំង ដែលមានជញ្ជាំងពណ៌ខៀវនោះ។
បញ្ហានេះដែរ តំណាងក្រុមហ៊ុនយូនីហ្គ្រីន បានចេញមុខបកស្រាយថា មិនមានករណីបាញ់កាំភ្លើងគម្រាម សម្លាប់អ្នកកាសែត ដូចការចោទប្រកាន់ទេ ប៉ុន្តែវាជាសំឡេងផ្ទះចេញពីការដុតផាវ របស់ក្មេងៗ នៅក្នុងបរិវេណក្រុមនេះតែប៉ុណ្ណោះ៕ ដែន សីមា