ចក្រភពអង់គ្លេសបាននិយាយថា ការដាក់ច្បាប់សន្តិសុខរបស់ចិនទៅលើទីក្រុងហុងកុង គឺជាការរំលោភយ៉ាងច្បាស់ និងធ្ងន់ធ្ងរលើសេចក្តីប្រកាសរួមកាលពីឆ្នាំ ១៩៨៤ ហើយអង់គ្លេសប្រកាសថា ទីក្រុងឡុងនឹងផ្តល់សិទ្ធិដល់ប្រជាជនហុងកុងប្រហែល ៣លាននាក់ទទួលបានសញ្ជាតិអង់គ្លេស។
កាលពីថ្ងៃពុធម្សិលមិញនេះ ហុងកុងប៉ូលិសបានធ្វើការបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក និងចាប់អ្នកតវ៉ាជាង ៣០០នាក់ ដែលបានធ្វើការតវ៉ាតាមដងផ្លូវប្រឆាំងនឹងច្បាប់សន្តិសុខ ដែលត្រូវបានអនុម័តដោយសភាចិនក្នុងគោលបំណងធ្វើបាបដល់អ្នកប្រឆាំង។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានថ្លែងប្រាប់សភាកាលពីថ្ងៃពុធថា “ការអនុម័ត និងការដាក់ឲ្យអនុវត្តនូវច្បាប់សន្តិសុខជាតិ គឺជាការរំលោភយ៉ាងច្បាស់ និងធ្ងន់ធ្ងរលើសេចក្តីប្រកាសរួម Sino-British”។
លោកនិយាយទៀតថា អង់គ្លេសនឹងប្រកាន់ភ្ជាប់នូវការសន្យាក្នុងការផ្តល់សញ្ជាតិអង់គ្លេស ទៅដល់អ្នកកាន់លិខិត្តឆ្លងដែរ ក្រៅប្រទេសនៅក្នុងទីក្រុងហុងកុង ដើម្បីក្លាយជាប្រជាពលរដ្ឋអង់គ្លេស ដោយអនុញ្ញាត ឲ្យពួកគេរស់នៅក្នុងចក្រភពអង់គ្លេស។
ប្រជាជនហុងកុងជិត ៣លាននាក់មានសិទ្ធិទទួលបានលិខិតឆ្លងដែន។ មានអ្នកកាន់លិខិត្តឆ្លងដែរចំនួន ៣៤៩.៨៨១នាក់ គិតត្រឹមខែកុម្ភៈមក។
ស្វ័យភាពរបស់ទីក្រុងហុងកុងត្រូវបានធានាដោយកិច្ចព្រមព្រៀង “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលមានចែងនៅក្នុងសេចក្តីប្រកាសរួម Sino-British ដែលត្រូវបានចុះហត្ថលេខានៅពេលនោះដោយនាយករដ្ឋមន្ត្រីចិន Zhao Ziying និងនាយករដ្ឋមន្ត្រីអង់គ្លេស Margaret Thatcher។
សូមបញ្ជាក់ថា ទីក្រុងហុងកុង ត្រូវបានប្រគល់ទៅឲ្យចិនកាន់កាប់វិញនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោយពេលស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេសជាង ១៥០ឆ្នាំ ក្រោយពេលអង់គ្លេសបានយកជ័យជន្នះលើចិន នៅក្នុងសង្គ្រាមអាភៀនលើកដំបូង (First Opium War)៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters