Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ធ្វើការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា ក្នុង​វិស័យ​ឧស្សាហកម្ម និង​កែច្នៃ​ផលិតផល​កសិកម្ម

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​សមាគម​ធុរកិច្ច​ជប៉ុន​នៃ​កម្ពុជា (JBAC) ដើម្បី​ពិភាក្សា​ការងារ​ទាក់ទង​នឹង​ការវិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជា​។​

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី​ការអនុវត្ត​គោលនយោបាយ​របស់​កម្ពុ​ជា ក្នុងការ​ពង្រីក​ទីផ្សារ ក៏ដូចជា​ទាក់ទាញ​វិនិយោគ​។ តាមរយៈ​ការអនុវត្ត​គោលនយោបាយ ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់ និង​ទ្វេភាគី ដោយ​ក្នុងនោះ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​កម្ពុជា និង​ជប៉ុន​ជា​ភាគី នឹង​បញ្ចប់ និង​ឈានទៅរក​ការចុះហត្ថលេខា​ក្នុងឆ្នាំនេះ​។ កិច្ចព្រមព្រៀង RCEP នឹង​បង្កើត​នូវ​ទីផ្សារ​ទូលំទូលាយ​សម្រាប់​កម្ពុជា ហើយ​កម្ពុជា​ក៏​កំពុងតែ​ឈានទៅរក​ការធ្វើ​ឧស្សាហ​នីយកម្ម​សេដ្ឋកិច្ច​របស់ខ្លួន ដើម្បី​បង្កើត​ការងារ ក៏ដូចជា​បង្កើត​តម្លៃបន្ថែម​សម្រាប់​ផលិតផល​ក្នុងស្រុក​។

​ដូចនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ធ្វើការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​។

​សមាគម JBAC បាន​ទទួលយក​សំណើ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ហើយ​ក៏បាន​ជម្រាប​ថា ក្រុមហ៊ុន​ជប៉ុន​នៅតែ​មានបំណង​ពង្រីក និង​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា ហើយ​សមាគម​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ទាក់ទាញ​វិនិយោគិន​ទាំង​នោះមក​កម្ពុជា​៕

ដោយ​៖​កូ​ឡាប​

×