ភ្នំពេញ÷ រថយន្តកុងតឺន័រមួយគ្រឿងបើក្នុងល្បឿនវ៉ាជែងគ្នារួចក៏ជ្រុចង្កូតទៅបុកទ្រូងផ្លូវនិងដាច់ធ្លាក់ទូចេញពីរថយន្តបណ្តាលឲ្យក្រឡាប់ផ្ងារពាក់កណ្តាលផ្លូវ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៩ និង ៥៥ នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងភូមិស្រែជំរៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញរថយន្តកុងតឺន័រមួយគ្រឿងដែលពាក់ផ្លាកលេខភ្នំពេញ 3C 0888 បើកបរម្នាក់ឯង ធ្វើដំណើរក្នុងទិសដៅ ពីត្បូងមកជើងស្រាប់តែមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតជ្រុលទៅបុកនឹងទ្រូងផ្លូវបណ្ដាលឱ្យធ្លាក់ទូក្រឡាប់ ផ្ងារជើងពេញផ្លូវ។
ហើយសំណាងមែនក្នុងហេតុការណ៍នេះមិនបង្ករបួសស្នាមទៅដល់បងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែធ្វើដំណើរនៅតាមបណ្តោយផ្លូវជាតិលេខ៣នោះទេគឺរងការខូចខាតតែរថយន្តនិងទ្រូងផ្លូវទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏មកដល់រួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោកឱ្យចុះមកដល់ធ្វើការវាស់វែង ហើយភ្លាមនោះដែរស្រាប់តែមានតំណាងរថយន្តកុងតឺន័រចុះមកដោះស្រាយដើម្បី សងជាសំណងក្នុងការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿង៕ ដោយ៖សាមេត