ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីនៅកន្លែងរករ៉ែថ្ម ក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនដល់ ១៦២នាក់ និងសង្ស័យនៅមានអ្នកស្លាប់ជាច្រើននាក់ទៀត។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ។
គ្រោះអកុសលនោះកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បិ៍ នៅពេលដែលកាកសំណល់ដី នៅកន្លែងរករ៉ែថ្ម បានបាក់ចូលក្នុងទន្លេ និងបានកប់កម្មករជាច្រើនអ្នក។
គិតដល់ត្រឹមថ្ងៃព្រហស្បតិ៍ពេលល្ងាច ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្សចំនួន ១៦២នាក់ ខណៈដែលសកម្មភាពរុករកកំពុងបន្ត។
ហេតុការណ៍ដ៏រន្ធត់នោះកើតឡើង ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Kachin ស្ថិតនៅក្បែរព្រំដែនប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារពន្លត់អគ្គិភ័យ បង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន។
ប៉ូលិសប្រចាំតំបន់ថ្លែងប្រាប់ AFP ដូច្នេះថា កម្មកររករ៉ែមិនអើពើទៅនឹងការព្រមាន ដែលមិនអោយមានការរុករកនៅពេលភ្លៀងធ្លាក់។
សូមបញ្ជាក់ថា ការរអិលបាក់ដីកើតមានជាញឹកញាប់នៅតំបន់ខាងលើ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ខ្លាំង។
កាលពីឆ្នាំ ២០១៥ មានការរអិលបាកដីដ៏ធំនៅក្នុងប្រទេសនេះ បណ្តាលឲ្យមនុស្សជាង ១០០នាក់ស្លាប់។
មីយ៉ាន់ម៉ាជាប្រភពនៃរ៉ែថ្មដ៏សំខាន់ ហើយឧស្សាហ៍កម្មរ៉ែមានតម្រូវការយ៉ាងច្រើនសម្រាប់ពីប្រទេសចិន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters