ភ្នំពេញ៖ យុវជនម្នាក់ បានដេកស្លាប់ ក្នុងកុដិ វត្តលង្កា ដែលប្រជាពលរដ្ឋសង្ស័យថា មកពីគាំងបេះដូង បង្កឲ្យមានការភ្ញាក់ផ្អើលក្នុងវត្ត រាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចចុះមកត្រួតពិនិត្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលា ៥និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ចំណុចក្នុងវត្តលង្កា កុដិលេខ១៩ ស្ថិតសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា សពមានឈ្មោះ មឿន កែវ អាយុ១៩ឆ្នាំ មុខរបរ និស្សិត មានស្រុកកំណើត នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់គេហទំព័រ CEN ឲ្យដឹងថា នៅមុនកើតហេតុ គឺមានប្រជាពលរដ្ឋ និង កូនសិស្ស លោកបានរាយការណ៍ប្រាប់សមត្ថកិច្ចថាមាន យុវជនវ័យ ១៩ឆ្នាំម្នាក់ បានដេកស្លាប់ ក្នុងកុដិ នៃវត្តលង្កា ទាំងមិនដឹងមូលហេតុ ភ្លាមៗនោះបន្ទាបពីទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និង បានរាយករណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង ចុះមកត្រួតពិនិត្យ ដើម្បីឲ្យដឹងកាន់តែច្បាស់ថា ស្លាប់មកពីអ្វីឲ្យពិតប្រាកដ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា បើតាមការសន្និដ្ឋានជំហានដំបូង គឺ យុវជនរងគ្រោះ បានស្លាប់ដោយសារគាំងបេះដូង។ បន្ទាប់ពីពិនិត្យកោសល្យវិច័យរួច សពរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើកំណត់ហេតុ យកទៅធ្វើបុណ្យនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ៕
ដោយ៖ មីដា និងផាន់ណា