មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសសាទរចំពោះជោគជ័យ ដ៏ត្រចះត្រង់របស់ប្រទេសក្នុងការទប់ស្កាត់វីរុស COVID-19។ នេះបើតាមការចុះផ្សាយរបស់ការសែតរដ្ឋកូរ៉េខាងជើង KCNA។
គីម ជុងអ៊ុន បានថ្លែងនៅក្នុងកិច្ចប្រជុំនយោបាយថា កូរ៉េខាងជើងបាន “បង្ការការឆ្លងវីរុសដ៏សាហាវ និងរក្សាស្ថេរភាពបាន”។
កូរ៉េខាងជើងបានបិទព្រំដែន និងដាក់មនុស្សរាប់រយនាក់អោយនៅដាច់ដោយឡែក កាលពី ៦ខែមុន ខណៈដែលវីរុសកូរ៉ូណាកំពុងរាតត្បាតជុំវិញពិភពលោក។
ប្រទេសផ្តាច់ការមួយនេះបានអះអាងថា ខ្លួនគ្មានករណីឆ្លងសូម្បីមួយ។ ទោះយ៉ាងណា អ្នកវិភាគនិយាយថា ការអះអាងនោះមិនទំនងឡើយ។
សូមបញ្ជាក់ថា កាលពីចុងខែមករា កូរ៉េខាងជើងបានចាត់វិធានការយ៉ាងលឿនប្រឆាំងនឹងវីរុស ដោយធ្វើការបិទព្រំដែនរបស់ខ្លួន និងក្រោយមក បានដាក់ជនបរទេសរាប់រយនាក់ ឲ្យនៅដាច់ដោយឡែកនៅក្នុងរដ្ឋធានីព្យុងយ៉ាង។
ប្រទេសនេះ ក៏បានធ្វើការដាក់ពលរដ្ឋខ្លួនរាប់មុឺននាក់ឲ្យនៅដាច់ដោយឡែកផងដែរ និងបានបិទសាលារៀន។
បច្ចុប្បន្ន កូរ៉េខាងជើងបានបើកសាលារៀនវិញ ប៉ុន្តែនៅតែបន្តហាមប្រាមការប្រមូលផ្តុំសាធារណៈ និងតម្រូវឲ្យប្រជាជនធ្វើការពាក់ម៉ាស់ជាចាំបាច់នៅទីសាធារណៈ។ នេះបើតាមការចុះផ្សាយរបស់ Reuters ដោយដកស្រង់ពីមន្ត្រីអង្គការសុខភាពពិភពលោក។
កូរ៉េខាងជើង ដែលមានព្រំដែនជាប់នឹងចិន បានរក្សាការអះអាងថា ខ្លួនមិនមានករណីឆ្លងវីរុសសូម្បីមួយ។ ប៉ុន្តែអ្នកវិភាគបានធ្វើការអះអាងថា វាមិនមែនជាការពិតឡើយ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC