ភ្នំពេញ៖ ក្រុមហ៊ុនហ្វេសប៊ុក ត្រូវបានគេរកឃើញកំហុសថ្មីមួយទៀតហើយ ទាក់ទិននឹងការច្រឡំអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីជាង ៥,០០០នាក់ ចូលប្រើគណនីរបស់អ្នកប្រើប្រាស់តាមរយៈចន្លោះប្រហោងនៃកម្មវិធីនេះ។ នេះបើតាមការផ្សាយព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department នៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០២០នេះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា ការលេចធ្លាយនេះបានបង្ហាញថា ក្រុមហ៊ុនហ្វេសប៊ុកមិនបានគោរពតាមច្បាប់របស់ខ្លួន ក្នុងការទាញយកទិន្នន័យផ្ទាល់ខ្លួន ដែលហាមឃាត់អ្នកអភិវឌ្ឍន៍កម្មវិធី ពីការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ បានដោយស្វ័យប្រវត្តិ នៅពេលដែលពួកគេឈប់ចូលប្រើកម្មវិធីនោះក្នុងរយៈពេល៩០ថ្ងៃ ចុងក្រោយ។ ក្រោយពីពេលវេលាកំណត់បានមកដល់ អ្នកអភិវឌ្ឍន៍កម្មវិធីត្រូវសុំការអនុញ្ញាតពីក្រុមហ៊ុនហ្វេសប៊ុកដើម្បីទាញយកទិន្នន័យពីអ្នកប្រើប្រាស់ ប៉ុន្តែពួកគេនៅតែធ្វើដោយមិនបានគោរពតាមគោលការណ៍របស់ក្រុមហ៊ុនឡើយ។
លោក Konstantinos Papamiltiadis អនុប្រធានដៃគូអ្នកបង្កើតកម្មវិធីរបស់ហ្វេសប៊ុកបានឱ្យដឹងថា ពួកគាត់បានរកឃើញពីការទាញយកទិន្នន័យដែលអ្នកអភិវឌ្ឍន៍កម្មវិធីនៅតែអាចបន្តធ្វើបាន បើទោះបីជាអ្នកប្រើប្រាស់មិនបានប្រើកម្មវិធីរយៈពេល ៩០ថ្ងៃហើយក៏ដោយ។ ជាឧទាហរណ៍ ប្រសិនបើមានអ្នកប្រើប្រាស់ម្នាក់ បានធ្វើការអញ្ចើញមិត្តភក្តិរបស់គាត់ ឱ្យចូលរួមហាត់ប្រាណនៅលើកម្មវិធីហ្វេសប៊ុក ហើយពួកគាត់ទាំងអស់នឹងទទួលបានការអញ្ចើញ ទោះបីជាមានអ្នកខ្លះមិនបានប្រើប្រាស់កម្មវិធីនោះជាច្រើនខែមកហើយ។ លោក Papamiltiadis ក៏បានបន្ថែមទៀតថា ហ្វេសប៊ុកបានធ្វើការកែប្រែកំហុសឆ្គងនោះភ្លាមៗផងដែរ នៅពេលដែលពួកគាត់រកឃើញ ប៉ុន្តែមិនបានបញ្ជាក់ថាតើអ្នកប្រើប្រាស់ប៉ុន្មានអ្នកដែលបានទទួលរងផលប៉ះពាល់នោះទេ៕
ដោយ៖បញ្ញាស័ក្តិ