ភ្នំពេញ ៖ ផ្ទុះកំហឹងពេញហ្វេសប៊ុក ក្រោយអ្នកផលិត MV បទចម្រៀងមួយក្រោមចំណងជើងថា “អ្នកព្រៃវែងអាក្រក់ត្រង់ណា” ឲ្យតួសំដែង ដៀលអ្នកខេត្តព្រៃវែង ថាសុទ្ធតែជា “ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន”។ ពាក់ព័ន្ធករណីនេះរដ្ឋបាលខេត្តព្រៃវែង ស្នើសុំចាត់វិធានការចំពោះផលិតកម្ម មរតក មេឌៀ (Morodok Media) ដែលបានបង្ហោះឃ្លីបវីឌីអូ បទចំរៀង “អ្នកព្រៃវែងអាក្រក់ត្រង់ណា” ។
ឯកឧត្តមជាសុមេធីអភិបាលខេត្តព្រៃវែងបានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី 3 ខែកក្កដាឆ្នាំ 2020 ដោយគោរពជូនលោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើសុំចាត់វិធានការចំពោះផលិតកម្ម មរតក មេឌៀ (Morodok Media) ដែលបានបង្ហោះឃ្លីបវីឌីអូ បទចំរៀង “អ្នកព្រៃវែងអាក្រក់ត្រង់ណា” ។
ឯកឧត្តមអភិបាលខេត្តព្រៃវែងបានថ្លែងថានៅថ្ងៃទី 2 ខែកក្កដាឆ្នាំ 2020 ផល្លិតកម្មមរតកមេឌៀ បានបង្ហោះឃ្លីបវីដេអូបទចម្រៀង “អ្នកព្រៃវែងអាក្រក់ត្រង់ណា” ក្នុងបណ្ដាញសង្គមផេកមរកតមេឌៀនិងបណ្ដាញ youtube ដែលក្នុងខ្លឹមសារនិងរូបភាពនោះបាននិយាយថា “អ្នកព្រៃវែងសុទ្ធតែអ្នកមិនល្អ ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាននិងជាអ្នកក្រ”។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងបន្ថែមទៀតថាក្នុងអត្ថន័យឃ្លីបវីដេអូបទចម្រៀងនេះរដ្ឋបាលខេត្តព្រៃវែងយល់ឃើញថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើកិត្តិយសសេចក្ដីថ្លៃថ្នូរនិងសតិអារម្មណ៍ប្រជាពលរដ្ឋខេត្តព្រៃវែង។ ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់និងអយុត្តិធម៌មកលើប្រជាពលរដ្ឋខេត្តព្រៃវែង។ បង្កើតនូវការរើសអើងយ៉ាងធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋខេត្តព្រៃវែង។ ជាសកម្មភាពវិទ្ធង្សនាវប្បធម៌យ៉ាងខ្នងចំពោះប្រជាជាតិកម្ពុជា។
ឯកឧត្តមជាសុមេធីបានបញ្ជាក់យ៉ាងដូច្នេះថា “ផ្អែកតាមខ្លឹមសាររដ្ឋបាលខេត្តព្រៃវែងសូមស្នើសុំឲ្យចាត់វិធានការច្បាប់ចំពោះផលិតកម្មមរតកមេឌៀជាពិសេសពាក់ព័ន្ធទៅនឹងបទល្មើសញុះញង់ បង្កឲ្យមានការរើសអើងនិងប្រព្រឹត្តបទល្មើស និងផលិតកម្មរដក់មេឌាត្រូវលក់ឃ្លីបវីដេអូនឹងធ្វើការបកស្រាយសុំទោសជាសាធារណៈ”។
ពាក់ព័ន្ធនឹងបទចម្រៀងមួយបទដ៏រសើបទូទាំងប្រទេសនេះផងដែរលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានិងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នៅថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២០ បានសរសេរសារនៅលើហ្វេសប៊ុកធ្វើការថា តាមខ្ញុំមើលលើទឹកចិត្ត និងគំនិតអ្នកនិពន្ធ គឺគាត់គ្មានចិត្តប្រមាថអ្នកព្រៃវែងទេ ផ្ទុយទៅវិញគឺអ្នកនិពន្ធប្រហែលជាធ្លាប់ឆ្លងកាត់ការដៀលប្រមាថណាមួយមកលើខ្លួន ឬសាច់ញាតិរបស់ខ្លួនជាអ្នកព្រៃវែងថាអាក្រក់ហើយ ទើបអ្នកនិពន្ធបាននិពន្ធចេញជាបទចម្រៀងឡើងមកដើម្បីកុំឲ្យរើសអើងអ្នកព្រៃវែងតទៅទៀត ដូច្នេះហើយទើបអ្នកនិពន្ធដាក់ចំណងជើងថា“អ្នកព្រៃវែងអាក្រក់ត្រង់ណា”បើយើង ធ្លាប់ស្តាប់ អស់មនុស្សមួយចំនួនកន្លងមកគឺធ្លាប់និយាយដើមអ្នកព្រៃវែងអញ្ចឹងមែន ប៉ុន្តែបើខ្ញុំវិញគឺគិតថាមនុស្សអាក្រក់ធ្វើអាក្រក់មានគ្រប់ទីកន្លែងមិនថាទីណានោះទេ។សូមបងប្អូនកុំទាន់ឆោឡោ ត្រូវយកចិត្ត បេះដូង និងគំនិតទៅស្តាប់ ទើបយល់ពីគោលបំណងអ្នកនិពន្ធ ហើយសូមកុំយកអារម្មណ៍ខ្វះការពិចារណាទៅស្តាប់គឺនាំតែកើតក្តីយល់ច្រឡំនាំឲ្យខ្មែរគ្នាឯងឈ្លោះគ្នានោះទេ…។
លោកផែង វណ្ណៈ បានលើកឡើងផងដែរថា ក្នុងនាមខ្ញុំជាអ្នកខេត្តព្រៃវែងម្ននងម្នាក់ សូមប្រឆាំងដាច់ខាត ចំពោះអ្នកនិពន្ធថោកទាបដែលមេីលងាយអ្នកព្រៃវែង ដៀលអ្នកព្រៃវែងសុទ្ធតែមនុស្សអាក្រក់ សុទ្ធតែចោរលួច ចោរប្លន់ អ្នកសុំទាន ។
អ្នកនិពន្ធ និង ជាអ្នកចម្រៀង ល្បីឈ្មោះ សយ រតនា វ័យក្មេង ដែលនិពន្ធបទដែលនាំអោយមានការដៀលប្រមាថអ្នកព្រៃវែង ។
លោកបានបន្តថា ស្អែកម៉ោងង ៤ រសៀល អ្នកនិពន្ធល្បីឈ្មោះរូបនេះ ឡេីងទៅសុំទោសនៅក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។
ចំណែកម្ចាស់គណនេយ្យហ្វេសប៊ុក ឆេន បុរី បាទសរសេរក្នុងខំមិនថា ខ្ញុំអ្នកព្រៃវែង ស្រុកសុីធរកណ្តាល ព្រែកសណ្តែក ទោះបីខ្ញុំក្រ តែខ្ញុំអត់បានដេីរលួច ឆក់ប្លន់ ឬ សុំទានគេ ដូចអ្នកនិពន្ធ និយាយនោះទេ ហេីយដូនតាខ្ញុំជាអ្នកព្រៃវែងក៏គ្មានប្រវត្តិអាក្រក់ដែរ ។ ដូច្នេះ កុំដៀល កុំប្រមាថ អ្នកព្រៃវែង ទាំងមូល ខេត្តណាក៏មានមនុស្សអាក្រក់ មនុស្សល្អដែរ បេីបុគ្គលណាអាក្រក់ និយាយបុគ្គលនោះទៅ ។ បេីនិយាយម៉ៅអ្នកព្រៃវែងទាំងអស់បែបនេះ ទទួលយកមិនបានទេបាទ ។
ប្រញាប់សុំទោសអ្នកព្រៃវែងជាបន្ទាន់ បេីមិនចង់មានរឿង ។
ម្ចាស់គណនីហ្វេសប៊ុកមួយបានលើកឡើងផងដែរថា ខ្ញុំស្តាប់មិនឮថាបទនេះអ្នកនិពន្ធមើលងាយអ្នកព្រៃវែងនោះទេ គឺគ្រាន់តែចង់បើកបង្ហាញការឈឺចាប់ពិតរបស់អ្នកព្រៃវែង ដែលធ្លាប់ត្រូវបានគេមាក់ងាយបែបនេះ ។ ដើមហេតុគឺមានអ្នកនិយាយលេងពីអ្នកព្រៃវែង ឬអ្នករើសអើងអ្នកព្រៃវែង ឬអ្នកមាក់ងាយអ្នកព្រៃវែងពិតប្រាកដមែន ។ ហើយមូលហេតុដើមប្រហែលជាមនុស្សមួយចំនួនគាត់សង្កេតឃើញថាប្រជាជនខេត្តនេះគឺសម្បូរអ្នកប្រកបមុខរបរសុំទាន ឬការផ្សេងៗដូចគេរៀបរាប់អញ្ចឹងមែន ។ អីចឹងកុំខឹងអ្នកនិពន្ធ ជួនកាលគាត់និយាយចំពេក តែគួរទៅប្រឆាំងគ្រប់មនុស្សដែលរើសអើង ឬមាក់ងាយអ្នកព្រៃវែងវិញទៅ។ គោលគំនិតរបស់អ្នកនិពន្ធគឺគេខំប្រឹងគិត រកនឹកចង់ជួយអ្នកព្រៃវែងទៅវិញតេ គោលដៅរបស់បទចម្រៀងនេះគឺប្រឆាំងទៅនឹងការរើសអើងមនុស្ស និយាយអោយខ្លី។ បើយើងនាំគ្នាព្រួតសង្កត់អ្នកនិពន្ធបទនេះ លទ្ធផលទៅថ្ងៃក្រោយ នឹងលែងមានអ្នកនិពន្ធណា ហ៊ាននិពន្ធបទចម្រៀងពីភាពអសកម្មរបស់ពលរដ្ឋក្នុងសង្គមនេះទៀតហើយ គឺនៅសល់តែបទបំពុល ពង្វក់ លើកជើង បញ្ជោរ អាសអាភាស់។ល។
ចំណែកលោកជា ធីរិទ្ធ ជាអ្នកកាសែតមួយរូបហើយក៏ជាកូនអ្នកព្រៃវែងផងដែរនោះបានសរសេរសារនៅលើហ្វេសប៊ុករបស់លោកថា សិល្បៈបែបនេះ វានឹងជំរុញឲ្យសង្គមបែកបាក់។
លោកថា ការប្រមាថមើលងាយមកលើអ្នកព្រៃវែង ក្នុងទម្រង់សិល្បៈបែបនេះ គឺគ្រោះថ្នាក់ណាស់សម្រាប់ជាតិ ពោលគឺវានឹងជំរុញឲ្យមានការបែកបាក់ រើសអើងប្រជាជន និងប្រកាន់តំបន់កាន់តែផុសផុល ខណៈដែលកម្ពុជាកំពុងមានសុខដុមនីយកម្មទាំងប្រជាជន និងសាសនា។
ជាការពិត ខ្ញុំជាកូនចៅអ្នកព្រៃវែង ហើយតាមរយៈការបម្លាស់ទីពីខេត្តមួយទៅខេត្តមួយ ដើម្បីបន្តការសិក្សា ខ្ញុំក៏ធ្លាប់ឮពាក្យមិត្តភក្តិបង្អាប់ថា «អ្នកព្រៃវែងពូកែសុំទាន ជាពិសេសអ្នកមកពីស្រុកមេសាង»។ ក៏ប៉ុន្តែពាក្យទាំងនោះភាគច្រើននិយាយលេងសើច និងមិនមានលក្ខណៈជេរប្រមាថធ្ងន់ធ្ងរដូចជាក្នុងវីដេអូនេះឡើយ។ និយាយដោយត្រង់ ខ្ញុំមិនសូវជាអ្នកទេីសអ្វីច្រើនទេ គ្រាន់តែក្នុងនាមជាយុវជនខ្មែរមួយរូប ខ្ញុំបារម្ភអំពីការបង្ហាញតាមរយៈសិល្បៈបែបខ្វះការវិត្តកគ្រប់ជ្រុងជ្រោយមួយនេះ ធ្វើឲ្យសង្គមយើងរើសអើងគ្នា។ ប្រសិនបើ ខ្ញុំមិនមែនអ្នកព្រៃវែង ក៏ខ្ញុំប្រឆាំងនឹងការបង្ហាញសិល្បៈផ្តេសផ្តាសបែបនេះដែរ។
ក្នុងសៀវភៅវប្បធម៌ទូទៅ បានពន្យល់ថា សិល្បៈ ជាស្នាដៃរបស់មនុស្សដែលបង្ហាញអំពីអត្តសញ្ញាណជាតិណាមួយ។ សិល្បៈផ្តល់នូវការកម្សាន្ត និងអប់រំ។ តម្លៃពិតរបស់សិល្បៈ គឺនៅត្រង់គំនិតច្នៃប្រឌិតដ៏មានទេពកោសល្យរបស់សិល្បករ ឬអ្នកនិពន្ធ ដោយផលិតខ្លឹមសារផ្តោតទៅលើអត្តរស់ សីលធម៌ គុណធម៌ គតិធម៌ ឧត្តមគតិ។
ចុះបើអ្នកសិល្បៈកាន់តែច្រេីនទៅ គ្មានសីលធម៌ គ្មានឧត្តមគតិ តើវានឹងបង្ហាញអត្តសញ្ញាណជាតិ ដោយរបៀបណា? ឬក៏កាន់តែបង្កនូវភាពវឹកវរ ឲ្យបាត់បង់នូវអត្តសញ្ញាណជាតិទៅវិញ?
យ៉ាងណាក៏ដោយចុះ ដើម្បីលើកកិត្តិយសខេត្តរបស់ខ្លួន និងដើម្បីជាតិ យុវជនមកពីខេត្តព្រៃវែង ត្រូវខំរៀនសូត្រ និងធ្វេីការឲ្យក្លាយជាឧត្តមមនុស្ស និងជាធនធានដែលជាតិត្រូវការ៕ ដោយ៖កូឡាប