សៀមរាប៖ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២០នេះ អាជីវករ៤នាក់បន្ថែមទៀត បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួន៤ខ្នងរបស់ខ្លួន នៅមុខប្រាសាទអង្គរវត្តនាព្រឹកថ្ងៃ ដើម្បីលទ្ធភាពឲ្យអាជ្ញាធរអប្សរា ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍។
អាជ្ញាធរជាតិអប្សរា និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានសហការគ្នាចុះរុះរើសំណង់អាជីវកម្មនៅមុខប្រាសាទអង្គរវត្ត ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ និងទាក់ទាញ ខណៈសំណង់ទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ការរៀបចំ និងអភិរក្សប្រាង្គប្រសាទ។
អាជ្ញាធរជាតិអប្សរា បានអនុវត្តគម្រោងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានអង្គរ ឲ្យកាន់តែមានភាពទាក់ទាញនៅឆ្នាំ២០២០នេះ។
គួរបញ្ជាក់ថា គម្រោងលើកកម្ពស់សោភ័ណភាពប្រាសាទ ដែលត្រូវបានដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២០នេះ មានដូចជា គម្រោងរៀបចំប្រព័ន្ធស្វ័យប្រវត្តិ ស្រោចស្រពវាលស្មៅ ក្នុងបរិវេណ ប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតង។
ពាក់ព័ន្ធនឹងសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងបន្តពង្រីកតំបន់ទេសភាពបៃតង ដើម្បីប្រែក្លាយទីនោះឱ្យកាន់តែស្រស់ស្អាត ព្រោះកន្លងមកអាជ្ញាធរជាតិអប្សរា បានអនុវត្តរួចហើយនូវការដាំស្មៅ ដាំកូនឈើ ដាំដើមផ្កានៅផ្នែកខាងត្បូងមុខប្រាសាទអង្គរវត្ត នៅពាក់កណ្តាលឆ្នាំ២០១៩៕
ដោយ៖CEN