Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២០ ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ២៨១.២៤៤ គ្រឿង​

​ភ្នំពេញ​៖ ឯកឧត្តម សេង ឈួន បាន​ណែនាំ​ដល់​មន្ត្រី​តាម​ស្ថានីយ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ឱ្យ​ពង្រឹង​ការអនុវត្ត​ការងារ​ឱ្យបាន​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ការងារ ខណៈ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ មាន​រថយន្ត​ត្រួតពិនិត្យ​សរុប​ចំនួន ១.០៩៤.៣៩៧ គ្រឿង មាន​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ២៨១.២៤៤ គ្រឿង ស្មើនឹង ២៥,៧០%​។​

​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ បាន​ដឹកនាំ​ការប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆមាស​ទី​០១ ក្នុង​ឆ្នាំ​២០២០​។

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក អនុប្រធាន​គណៈកម្មាធិកា​រ​សម្របសម្រួល​អចិន្ត្រៃយ៍ សមាជិក សមាជិកា​លេខាធិការដ្ឋាន និង​ប្រធាន អនុប្រធាន​ស្ថានីយ​ជញ្ជីង​ទាំង ២៨​។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​កោតសរសើរ​ដ​ល់​មន្ត្រី​ដែល​បាន​ខិតខំ​អនុវត្ត​ការងារ​កន្លងមក និង​ជំរុញ​មន្ត្រី​ទាំងអស់​ឱ្យ​ខិតខំ​បន្ត​អនុវត្ត​ការងារ​រឹតបន្តឹង​បទល្មើស​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ឱ្យ​កាន់តែ​ប្រសើ​ឡើង​។

​តាម​របាយការណ៍​នៃ​ការអនុវត្ត​ការងារ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ មាន​រថយន្ត​ត្រួតពិនិត្យ​សរុប​ចំនួន ១.០៩៤.៣៩៧ គ្រឿង មាន​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ២៨១.២៤៤ គ្រឿង ស្មើនឹង ២៥,៧០% ដែល​ក្នុងនោះ​៖ – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម ៥% ចំនួន ២៧៩.៤៧៨​គ្រឿង – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ៥% – ១០% ចំនួន ២៧​គ្រឿង – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ១០% – ២០% ចំនួន ១.១៦៦​គ្រឿង – រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើសពី ២០% ៥៧៣​គ្រឿង​។​

​ក្នុង​កិច្ចប្រជុំ​ក៏បាន​លើកឡើង​ពី​ទិសដៅ​ការងារ​ដែល​ត្រូវអនុវត្ត​ក្នុង​ឆមាស​បន្ទាប់​ដូចជា ការបង្កើត​ទីតាំង​ស្ថានីយ​ថ្មី ការរុះរើ និង​ការធ្វើឱ្យ​ប្រសើរឡើង​នៅតាម​ស្ថានីយ​មួយចំនួន​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ណែនាំ​ដល់​មន្ត្រី​តាម​ស្ថានីយ ឱ្យ​ពង្រឹង​ការអនុវត្ត​ការងារ​ឱ្យបាន​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ការងារ និង​សហការ​ល្អជា​មួយ​ដៃគូ​ពាក់ព័ន្ធ​។

​គួរ​បញ្ជាក់ថា នេះ​ជា​ឆមាស​ដំបូង​នៃ​ការអនុវត្ត​ការងារ របស់​គណៈកម្មាធិការ​ដឹកនាំ ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានធ្វើ​កំណែទម្រង់​សមាសភាព មន្ត្រី​ដោយ​ផ្អែក​តាម​អនុ​ក្រិ​ត្យ​លេខ ១៤១​អនក្រ​.​បក ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​៕

​ដោយ​៖​កូ​ឡាប​

×