ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះល្វែងយីហោបញ្ញា ផល្លាវាំងនន ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌមានជ័យ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅផ្លូវចាក់សំរាមចាស់ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីម្ចាស់ផ្ទះខាងលើ បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើង នៅជាន់ទី២ ហើយក៏បានឆេះក្រណាត់ និងសម្ភារមួយចំនួន ដែលស្តុកនៅនៅខាងលើ ទើបបណ្តាលឲ្យឆាបឆេះលឿនបែបនេះ។
ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបង្ការនិងពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តចំនួន៣គ្រឿង ចេញទៅអន្តរាគមន៍បាញ់ទឹកអស់ចំនួន២រថយន្ត ទើបអគ្គិភ័យនេះរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង១១និង២០នាទីថ្ងៃដដែល។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភាររបស់ម្ចាស់មួយចំនួនប៉ុណ្ណោះ៕
ដោយ៖មីដា