Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារ​ដំឡូង​មី ហាក់​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន

​ភ្នំពេញ​៖ កសិផល​របស់​កម្ពុជា មិន​ថា ដំឡូង​មី ម្រេច ពោត ឬ​ស្រូវ​នោះទេ តែងតែមាន​ការប្រែប្រួល​តម្លៃ​លក់​នៅ​ទីផ្សារ នៅពេល​មានការ​ប្រមូល​ផល​ម្ដងៗ​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បានឱ្យដឹងថា តំលៃ​ដំឡូង​មី​នៅ​ទីផ្សារ​ឆ្នាំនេះ ហាក់ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន ដោយនៅ​ក្នុងនោះ តម្លៃ​ទីផ្សារ​ដំឡូង​មី សម្រាប់​ដំឡូង​មី​ស្រស់ ឈ្មួញ​ឱ្យ​តម្លៃ ១​គីឡូក្រាម រហូតដល់ ២,១ បាត (​ប្រាក់​ថៃ​) ឬ​ស្មើនឹង​ជាង ២៨០​រៀល​។ ចំណែក​ដំឡូង​មី​ស្ងួត មានតម្លៃ​ពី ៧០០​រៀល ទៅ ៧៣៣​រៀល ក្នុង​មួយ​គីឡូក្រាម​។

​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បានឱ្យដឹងថា នា​ដើមរដូវ​វស្សា​នេះ ផ្ទៃដី​ប្រមាណ ៥ ម៉ឺន ៦ ពាន់​ហិកតា ជា ក្នុង​ខេត្ត បាន​ដាំ​ដំណាំ​រួមផ្សំ​ជាច្រើន​មុខ ក្នុងនោះ ដំណាំ​ដំឡូង​មី ដែល​កសិករ​បាន​ដាំ​ដុះ​រួចហើយ ប្រើប្រាស់​ផ្ទៃដី​ប្រមាណ​ជិត ៤ ម៉ឺន​ហិច​តា ស្មើ​និង ៩០% នៃ​ផ្ទៃដី​រួម​។​

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រូបនេះ បានឱ្យដឹង​ទៀតថា នៅ​រដូវ​ដាំ​ដុះ​ដើមរដូវ​វស្សា​ឆ្នាំនេះ អាកាសធាតុ​ពិតជា​អំណោយផល ដល់​ដំណាំ​កសិកម្ម ក្នុងនោះ​មានដូចជា ដំណាំ​មៀន​ប៉ៃលិន ពោតក្រហម ដំឡូង​មី និង​ដំណាំ​រួមផ្សំ​ដទៃទៀត ដែល​ធ្វើ​ឲ្យ​កសិករ​ក្នុង​ខេត្ត​ប៉ៃលិន សប្បាយរីករាយ​យ៉ាងខ្លាំង ខណៈ​ដំណាំ​របស់​ពួកគាត់ លូតលាស់​បានល្អ នាំឱ្យ​ពួកគាត់​មាន​សង្ឃឹមថា ពេល​ប្រមូល​ផល នឹង​ទទួលបាន​ទិន្នផល​ខ្ពស់ ។

​បើតាម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ កន្លងទៅ បាន​គូសបញ្ជាក់ថា និន្នាការ និង​ការរំពឹងទុក បាន​បង្ហាញថា តម្រូវការ​ដំឡូង​មី​សម្រាប់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក នឹងមាន​កំណើន​កាន់តែ​ខ្ពស់ ដែល​នេះ​គឺជា​កាលានុវត្តភាព​ថ្មី​សម្រាប់​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​សង្វាក់​តម្លៃ​ដំឡូង​មី តាមរយៈ​ការពង្រឹង និង​ពង្រីក​ផលិតកម្ម ការកែច្នៃ​ចំណិត​ដំឡូង​មី និង​សមត្ថភាព​នាំចេញ សំដៅ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​នាពេល​អនាគត​៕
​ដោយ​៖CEN


×