ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នាពេលកន្លងមកក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ទាក់ទងនឹងការខ្ចីលុយពីបរទេសយកមកប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជានោះ កម្ពុជានៅខ្ចីលុយពីបរទេសតិចនៅឡើយ។
ឯកឧត្ដមបានបន្ថែមថា ដោយសារយើងនៅជំពាក់បំណុលគេនៅតិច យើងសព្វថ្ងៃគ្រាន់តែនៅខ្ចីគេទេ យើងមិនទាន់អីទេ អារឿងខ្ចីលុយ ខ្ចីគេមិនទាន់ខ្ចីអស់ផង គេមកអង្វរឱ្យខ្ចី យើងមិនទាន់ប្រើអស់ផង បំណុលយើងនៅទាប ដូច្នេះយើងនៅមានផ្លូវសម្រាប់ខ្ចី។
ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់ថា ប៉ុន្តែការខ្ចីលុយគេច្រើនលើសលុប មិនអាចដោះស្រាយបញ្ហាបានទេ ដែលតម្រូវឱ្យមានការចាយឱ្យចំមុខ និងការចាយទៅតាមនីតិវិធីមួយដើម្បីឱ្យមានប្រសិទ្ធភាព ការប្រើប្រាក់កម្ចី និងធនធានសាធារណៈទាំងអស់ផងដែរ៕ដោយ៖កូឡាប