ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានរថយន្តមួយគ្រឿង ដែលអះអាងថាជាជនរងគ្រោះ ដែលត្រូវជនសង្ស័យឆក់កាបូបបានសម្រេចរួចក៏គាត់ជិះដេញតាមក្រោយ រួចទៅបុកម៉ូតូជនសង្ស័យពីក្រោយ បណ្ដាលឱ្យម៉ូតូជនសង្ស័យជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ និង ០០ នាទីត្រូវនិងថ្ងៃពុធទី៨ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានឋីភ្នំពេញ។
បុរសដែលអះអាងថាជាជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែប្រាប់ថាជាចៅក្រមសាលាដំបូងខេត្តកោះកុង ជិះរថយន្ត ម៉ាកហាឡេនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AF-7006 រីឯអ្នកស្លាប់មានឈ្មោះ សាយ គឹមនី ភេទស្រីអាយុ៣០ឆ្នាំ កាត់សក់តែងខ្លួនធ្វើប្រុស មានលំនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកហុងដា សេ១២៥ដែល ពាក់ផ្លាកលេខភ្នំពេញ1HO-2546 ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ បានជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយមានរថយន្ត ម៉ាកហាយឡេនឌ័រ មួយគ្រឿងទៀតបើកដេញតាមពីក្រោយ លុះមកដល់កន្លែងកើតហេតុ ត្រូវបានរថយន្តបុកពីក្រោយពេញទំហឹង បណ្តាលដួលបោកក្បាលនៅ លើថ្នល់ ខ្ទាតទៅបុកគូទរថយន្ត មួយគ្រឿងទៀត ផ្នែកខាងក្រោយពេញទំហឹង បណ្ដាលឱ្យស្លាប់ភ្លាមៗ រួចរថយន្តនោះបន្តដំណើរទៅមុខបាត់ទៅ ។
តាមពាក្យអ្នកបើកបររថយន្តដេញតាមបុកពីក្រោយនោះ បានអះអាង ថា ខ្លួនជាចៅក្រមខេត្តកោះកុង គាត់ពុំមានចេតនា បុកជនសង្ស័យឱ្យស្លាប់នោះទេ ។ នៅមុនពេល កើតហេតុ គាត់បានជិះរថយន្ត ទៅកាត់សក់ នៅតាមផ្លូវលេខ១០១១ ក្នុងភូមិ ពោងពាយ ខណៈពេលចុះពីលើរថយន្ត ដើរកាន់កាបូបនៅដៃ ស្រាប់តែជនសង្ស័យរូបនោះ បានធ្វើសកម្មភាពឆក់យកបានសម្រេច ។ ភ្លាមៗ គាត់បានជិះរថយន្តដេញតាម គោលបំណង កៀរផ្តួល ដើម្បីយកកាបូបវិញប៉ុណ្ណោះ ដោយមានប្រាក់ប្រមាណ ជាង៦ពាន់ដុល្លារ ។
ទោះជាយ៉ាងណា សមត្ថកិច្ចបានចុះមកពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវបន្ថែម រួចនាំខ្លួនចៅក្រមរូបនោះ ទៅកាន់អធិការដ្ឋានដើម្បីសាកសួរបន្ត និងចាត់ការតាមនីវិធីតាមច្បាប់៕ ដោយ ៖ សា មេត