ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានស្នើសុំជំនួយពីភាគីឥណ្ឌាផ្ដល់ប្រឹក្សាយោបល់លើការគ្រប់គ្រងគុណភាពអាហារហាឡាល (Halal) ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងភ្ងៀវអន្ដរជាតិអ៊ីស្លាមដែលនៅប្រទេសកម្ពុជា។
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សា និងចូលរួមអាហារថ្ងៃត្រង់ជាមួយ លោកជំទាវ ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជំងឺកូវឺដ-១៩ និងបានថ្លែងនៃភាពស្រដៀងគ្នារវាងប្រទេសទាំងពីរ ដូចជា ប្រវត្តិសាស្ដ្រ ទស្សនវិជ្ជា និងវប្បធម៌ជាដើម។
ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាពីទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលមានការរីកចម្រើន ជាបន្ដបន្ទាប់។
ក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានឯកភាពលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយចាប់ផ្ដើមពីការបង្កើតក្រុមការងាររួម ពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ឥណ្ឌា។
ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានពិភាក្សាជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត នូវលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ឥណ្ឌា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងផលប្រយោជន៍ទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើសុំជំនួយពីភាគីឥណ្ឌាផ្ដល់ប្រឹក្សាយោបល់លើការគ្រប់គ្រងគុណភាពអាហារហាឡាល (Halal) ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងភ្ងៀវអន្ដរជាតិអ៊ីស្លាមដែលនៅប្រទេសកម្ពុជា៕ ដោយ៖កូឡាប