ភ្នំពេញ៖ នៅពេលនេះភោជនីយដ្ឋានជាច្រើន នៅរាជធានីភ្នំពេញ ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបានផ្អាកដំណើរការ ជាបណ្តោះអាសន្នរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ការបើកដំណើរការឡើងវិញ នៃភោជនីយដ្ឋានជាច្រើននៅរាជធានីភ្នំពេញនៅពេលនេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមប្រកាស និងលើកទឹកចិត្តឱ្យអាជីវកម្មនានា ដែលបម្រើឱ្យវិស័យទេសចរណ៍ និងការកម្សាន្តឱ្យបើកដំណើរការឡើងវិញ។
បច្ចុប្បន្ន បើទោះបីកម្ពុជាគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានល្អប្រសើរក៏ដោយតែផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចជារួមនៅតែបន្តអូសបន្លាយនៅឡើយ។ ក្នុងវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុគ្រោះ ផ្នែកពន្ធដល់វិស័យទេសចរណ៍ ដែលប៉ះពាល់ជាងគេដូចជា សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាដើម ដើម្បីរក្សាលំនឹងអាជីវកម្ម និងជីវភាពរបស់កម្មករនិយោជិត។
ដោយឃើញពីស្ថានភាពធូរស្រាលនៃជំងឺកូវីដ១៩ និងការអនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា ភោជនីយដ្ឋានទន្លេបាសាក់២ ដែលជាភោជនីយដ្ឋានប្រភេទប៊ូហ្វេធំជាងគេ នៅរាជធានីភ្នំពេញ បានបើកដំណើរការឡើងវិញ ហើយចាប់ពីថ្ងៃនេះទៅ បន្ទាប់ពីបានផ្អាករយៈពេលជាង៣ខែ ដោយសារវិបត្តិនៃមេរោគឆ្លងកូវីដ១៩។
លោក រត់ ឆៃ ប្រធានគ្រប់គ្រងភោជនីយដ្ឋានទន្លេបាសាក់២ បានឱ្យដឹងថា ការបើកឡើងវិញ នៃភោជនីយដ្ឋានទន្លេបាសាក់២ នៅពេលនេះស្របពេលដែលតម្រូវការ របស់អតិថិជនបានចាប់ផ្តើម មានការកើនឡើងវិញជាបន្តបន្ទាប់ បន្ទាប់អតិថិជនជាច្រើន បានផ្អាក់ការទទួលទាន និងការរៀបចំកម្មវិធីនៅក្រៅផ្ទះ។ លោក រត់ ឆៃ បានបន្តថា ក្នុងសម័យកាលកូវីដ១៩នេះ វារិតតែសំខាន់ទៅទៀត ដែលភោជនីយដ្ឋានទន្លេបាសាក់២ធ្លាប់បានធ្វើ និងកំពុងធ្វើជារហូតមកដោយគោរពតាមស្តង់ដារអនាម័យ របស់ក្រសួងសុខាភិបាលកម្ពុជា។
ជារួមភោជនីយដ្ឋានទន្លេបាសាក់២ ជាប្រភេទភោជនីយដ្ឋានប៊ូហ្វេ ដែលមានមុខម្ហូបច្រើនជាងគេ និងផ្តល់សេវាកម្មបានច្រើនប្រភេទទាំងបរិមាណ និងគុណភាព។ ភោជនីយដ្ឋានទន្លេបាសាក់២ មានផ្តល់ប្រភេទសេវាកម្មរួមមាន៖ ទទួលពិធីរៀបអាពាហ៍ពិពាហ៍ ការប្រជុំនានា សិក្ខាសាលា ពិធីខួបកំណើត និងពិធីជប់លៀងផ្សេងៗទៀត។ លើសពីនេះទៅទៀត ភោជនីយដ្ឋានទន្លេបាសាក់២ ក៏បម្រើសេវាកម្មផ្គត់ផ្គង់អាហារ ដល់ទីកន្លែងផងដែរ ដែលសេវាកម្មប្រភេទនេះកំពុងមានតម្រូវការច្រើននាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា ការបើកឡើងវិញជាបន្តបន្ទាប់ នៃភោជនីយដ្ឋានជាច្រើននៅរាជធានីភ្នំពេញ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់អស់រយៈពេលប៉ុន្មានខែកន្លងមកនេះ៕
ដោយ៖CEN