ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនទប់ទល់នឹងការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) តាំងពីឆ្នាំ ២០១៣ ពោលគឺតាំងពី៧ឆ្នាំមុនមកម្លេះ ក្នុងហេតុផលថា ការផ្តល់ភាពអនុគ្រោះពន្ធនេះ នឹងមិនស្ថិតនៅជាអចិន្ត្រៃយ៍ជាមួយកម្ពុជានោះឡើយ។
ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ចាប់តាំងពីឆ្នាំ ២០១៣មក សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ណែនាំឱ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមខ្លួនគិតគូរទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ហើយត្រូវរៀបចំធ្វើកំណែទម្រង់សេដ្ឋកិច្ច កែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ចឱ្យរឹងមាំ ដែលធ្វើឱ្យរាជរដ្ឋាភិបាលសន្សំថវិកាបានជាង ៣ពាន់លានដុល្លារ ក្នុងរយៈពេល ៦ទៅ ៧ឆ្នាំចុងក្រោយនេះ សម្រាប់ជាទុនដោះស្រាយវិបត្តិផ្សេងៗ។
ឯកឧត្តម វង្ស៊ី វិស្សុត បានមានប្រសាសន៍ថា៖ «អ្វីដែលយើងត្រៀមពីមុនមកនោះ គឺត្រៀមសម្រាប់ទប់ទល់នឹង EBA មិនមែនត្រៀមសម្រាប់ជំងឺកូវីដនេះទេ។ ដូច្នេះក្នុងពេលយើងរៀបចំថវិកាឆ្នាំ ២០២០នេះ គឺជាថវិកាមួយដើម្បីទប់ទល់ EBA ហើយជាថវិកាជាតិមួយ ជាក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចជាតិមួយ ជាយុទ្ធសាស្ត្រវាយលុក។ យើងប្រើប្រាស់ការដក EBA ទៅជាឱកាសកែប្រែការប្រឈម ហើយការគំរាមនេះ ទៅជាឱកាសនៃការកែទម្រង់»។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកាសម្រាប់ជំរុញសេដ្ឋកិច្ចក្នុងមួយឆ្នាំជាង ៦០០លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ដោយផ្តោតទៅលើការវិនិយោគផ្នែកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ឡូជីស្ទីក អគ្គិសនី ការអភិវឌ្ឍធនធានមនុស្ស ការសម្រួលរបបពន្ធដារ និងសេវាសាធារណផ្សេងៗទៀត ព្រមទាំងការបើកទីផ្សារសេរីជាដើម។ រដ្ឋាភិបាល ចាត់ទុកថវិកាជំរុញសេដ្ឋកិច្ចនេះ គឺជាយុទ្ធសាស្ត្រវាយលុក ដើម្បីប្រើប្រាស់ការគំរាមកំហែង EBA ឱ្យទៅជាឱកាសកែទម្រង់ និងកសាងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំងើបខ្ពស់ ឈរដោយខ្លួនឯង និងរស់ដោយខ្លួនឯងបាន។ ប៉ុន្តែ ការវិវត្តន៍ថ្មីនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ បានធ្វើឱ្យថវិកាសម្រាប់វាយលុកនេះមួយចំនួន ត្រូវបានយកទៅប្រយុទ្ធជាមួយជំងឺកូវីដ១៩ ហើយធ្វើឱ្យគម្រោងការវាយលុកនោះ បានបកមកត្រឹមជាការទប់ទល់វិញក្នុងការរៀបចំថវិកា និងម៉ាក្រូសេដ្ឋកិច្ច។
សូមជម្រាបថា ក្រសួងការបរទេសកម្ពុជាកន្លងទៅ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេច របស់គណៈកម្មការអឺរ៉ុប ដោយសម្រេចព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ចំពោះប្រទេសកម្ពុជា៕
ដោយ៖CEN