ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ជាកម្មកសំណង់ បានធ្លាក់ពីលើអគារខុនដូជាន់ទី២០ បណ្ដាលឲ្យបាត់បង់អាយុជីវិតភ្លាម កាលពីវេលាម៉ោង៩និង ១៥នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅអគារខុនដូមួយកន្លែង កំពុងសាងសង់ នៅតាមបណ្ដោយផ្លូវ៣៣២ ក្រុម៨ ភូមិ៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ នី មីនុន អាយុ១៦ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ រីឯខុនដូនោះមានកម្ពស់សរុប២១ជាន់ បច្ចុប្បន្នបានសាងសង់ បានកម្ពស់២០ជាន់ហើយ ប៉ុន្តែមិនដឹងថាមានយីហោអ្វីនោះទេ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបំពេញការងារជាធម្មតា នៅជាន់ទី២០ ពេលនោះជនរងគ្រោះបានមកឈរនៅរានជណ្តើរយន្ត ដោយមានកម្មករផ្សេងៗ ចូលក្នុងជណ្តើរ ហើយចុចបិទទ្វារជណ្តើរ ដើម្បីចុះមកក្រោម តែនៅសល់ជនរងគ្រោះ នៅខាងលើ ក៏ធ្លាក់ចុះមកក្រោមតែម្ដង ។
ក្រោយកើតកើតហេតុ សមត្ថកិច្ចជំនាញ ខាងកោសល្យវិច័យ បានចុះមកដល់ទីតាំង កន្លែងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារធ្លាក់ពីលើអគារដោយខ្លួនឯងពិតប្រាកដមែន ។ បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕ ដោយ៖មីដា