Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ គ្រោង​ដាក់​ឲ្យ​ដំណើរការ នៃ​ការផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​បង់ពន្ធ​ពន្ធ​ប្រថាប់ត្រា​រួមគ្នា នៅ​កន្លែង​ផ្តល់​សេវា​តែមួយ ក្នុង​ខែកញ្ញា​ឆ្នាំនេះ​

​ភ្នំពេញ​៖ នីតិវិធី​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​បង់ពន្ធ​ពន្ធ​ប្រថាប់ត្រា​រួមគ្នា​នៅ​កន្លែង​ផ្តល់​សេវា​តែមួយ ដើម្បី​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ កាត់បន្ថយ​ពេលវេលា ឱ្យមាន​តម្លាភាព ប្រសិទ្ធភាព និង​ឆាប់រហ័ស ត្រូវបាន​ឯកភាពគ្នា នឹង​គ្រោង​ដាក់ឱ្យ​ដំណើរការ​នៅក្នុង ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ អំពី​កិច្ច​សហប្រតិបត្តិ​ការតភ្ជាប់​ប្រព័ន្ធ​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​រួមគ្នា និង​ពិនិត្យ​ទៅលើ​សេចក្តីព្រាង​ប្រកាស​អន្តរក្រសួង​ស្តីពី បែបបទ និង​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​យានជំនិះ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ដ្រី​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង នាយកដ្ឋាន​ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​កាលពី ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​

​ជំនួប​ប្រជុំពិភាក្សា​នេះ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​ទៅលើ​លំហូរ​នីតិវិធី​ក្នុង​ការផ្តល់សេវា​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​រួមគ្នា ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ដាក់ពាក្យ​ផ្ទេរកម្មសិទ្ធិ​យានជំនិះ បង់​សេវា និង​បង់ពន្ធ​ប្រថាប់ត្រា ក្នុងពេល​តែមួយ នៅ​ទីតាំង​ផ្តល់​សេវា​តែមួយ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យបាន​លឿន​រហ័ស កាត់បន្ថយ​ពេលវេលា និង​នីតិវិធី​ស្មុគស្មាញ​ក្នុង​ការផ្តល់សេវា​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​បង់ពន្ធ​ប្រថាប់ត្រា​។
​នេះ​គឺជា​ការបោះ​ជំហាន​ជា​វិជ្ជមាន​មួយ តាមរយៈ​គំនិត​ផ្តួចផ្តើម របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្របតាម​គោលនយោបាយ​កំណែទម្រង់​ក្នុង​ការផ្តល់​សេវាសាធារណៈ របស់​រាជរដ្ឋាភិបាល និង អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ គឺ “​ធ្វើឱ្យមាន​តម្លាភាព មាន​ប្រសិទ្ធភាព និង​ឱ្យបាន​ឆាប់រហ័ស​”​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី និង​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល មានសង្ឃឹម​យ៉ាង​មុតមាំ​ថា បច្ចេកទេស​ផ្តល់​សេវា តាម​លំហូរ​ចរន្ត​ការងារ​ដំណើរការ​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ លំហូរ​ចរន្ត​ដំណើរការ​នីតិវិធី នៃ​ការផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​បង់ពន្ធ​ប្រថាប់ត្រា​នេះ ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ នឹង​ដំណើរការ​ទៅបាន​យ៉ាង​រលូន និង​ចូលរួមចំណែក​យ៉ាងសំខាន់ ទៅដល់​ការពង្រឹង​នូវ​ការគ្រប់គ្រង ការផ្តល់​សេវាសាធារណៈ ការគ្រប់គ្រង​មធ្យោបាយ​ធ្វើដំណើរ និង​ការគ្រប់គ្រង​ទិន្នន័យ​សន្តិសុខ​ជាតិ ព្រមទាំង​ជួយ​ពង្រឹង​នូវ​ការប្រមូល​ចំណូល​សារពើរ​ពន្ធ​ផងដែរ​។
​ទាំងនេះ​ស្តែង​ឱ្យឃើញ​ពី​ការគិតគូរ​ដិតដល់ និង​យល់​ពី​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ និង​ជា​គន្លឹះ​សំខាន់​ក្នុង​ការជួយ​សម្រួល​នីតិវិធី​ជូន​ប្រជាពលរដ្ឋ ផ្តល់​ភាពងាយស្រួល កាត់បន្ថយ​ភាពស្មុគស្មាញ និង​លុបបំបាត់​ការចំណាយ​ក្រៅផ្លូវការ ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​។

​សូម​ជម្រាបជូន​ផងដែរ​ថា​៖ ការផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​បង់ពន្ធ​ប្រថាប់ត្រា នឹង​ត្រូវបាន​អនុវត្ត​នៅ​កន្លែង​តែមួយ តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដោយ​ប្រជាពលរដ្ឋ​អាចធ្វើ​ការដាក់​ពាក្យ ONLINE តាមរយៈ​គេហទំព័រ vehicle.mpwt.gov.kh ឬ​អាច​មកកាន់​ទីតាំង​ផ្តល់​សេវា​ផ្ទាល់​ដើម្បី​មន្ត្រី​ជំនាញ​ធ្វើការ​បំពេញ​សំណុំបែបបទ​ជូន រួច​ធ្វើ​ការបង​ប្រាក់​សេវា​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​ដៃគូ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

នីតិវិធី​រួម​នៃ​ការផ្ទេរកម្មសិទ្ធិ​យានជំនិះ​នេះ ត្រូវ​កំណត់ដោយ​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គ្រោង​សម្រេច ផ្តល់​សុពលភាព និង​ដាក់ឱ្យ​ប្រើប្រាស់ នៅក្នុង​ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×