ខេត្តព្រះសីហនុ៖ ឯកឧត្តមបណ្ឌឹតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលទ្ធផល នៃការប្រឡងគំនូរ ក្នុងប្រធានបទការស្រមើលស្រមៃប្រទេសកម្ពុជា-ចិន ផ្តោតលើមិត្តភាពល្អ និងពិធីសម្ពោធបើកកម្មវិធីមនោសញ្ជេតនា ចិន-កម្ពុជា រវាងនិស្សិតចិន និងសិស្សកម្ពុជា ចាប់ដៃគូជាមួយគ្នា ក្រោមប្រធានបទ “ខ្សែក្រវ៉ាត់មួយផ្លូវមួយការតភ្ជាប់ដួងចិត្តប្រជាជន”។ កម្មវិធីនេះរៀបចំកាលពី ថ្ងៃទី29 ខែមករា ឆ្នាំ2018 នៅសាលាខេត្តព្រះសីហនុ។
របាយការណ៍ របស់ក្រសួងអប់រំ យុវជននិងកីឡា បានចេញលិខិតជូនដំណឹងលេខ 7606 អ.យ.ក ចុះថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2017 ជម្រាបមក មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បង្ហាញថា មានសាលាចំនួន 20 ( រដ្ឋ និងឯកជន)ត្រូវ និងសិស្សសរុបចំនួន 1000 នាក់ បានណែនាំពីប្រធានបទគូរគំនូរ របៀបសរសេរព័ត៌មានផ្សេងៗ លើផ្ទាំងគំនូរ និងណែនាំការប្រគល់ផ្ទាំងគំនូរ1000ផ្ទាំង ដែលគណៈកម្មការ វាយតម្លៃបានធ្វើការជ្រើសរើសគំនូរចំនួន 167 ក្នុងចំណោមផ្ទាំងគំនូរ ១ពាន់ផ្ទាំង និង មាន 4 ដំណាក់កាលក្នុងចំណោមគំនូរ 30 ផ្ទាំង។
ការងារនេះ គណៈកម្មការ បានជ្រើសរើសបានផ្ទាំងគំនូរ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ 1 ចំនួន 1ផ្ទាំងចំណាត់ថ្នាក់លេខ 2 ចំនួន 5 ផ្ទាំង និងចំណាត់ថ្នាក់លេខ 3 ចំនួន 10 ផ្ទាំង ហើយផ្ទាំងគំនូរចំនួន 58ផ្ទាំង ទទួលបានរង្វាន់លើកទឹកចឹត្ត។
នាឱកាសនោះដែរ ឯកឧត្តម ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការគាំទ្រ និងរីករាយ ចំពោះការបង្កើតអោយមានកម្មវិធីនេះ សម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីទាំងអស់ ដែលបានចូលរួមប្រឡងគូរគំនូរ ឆ្លើយតបទៅនិង ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ 2014 ឆ្នាំ 2018 របស់ក្រសួងអប់រំ យុវជន និងកីឡា ។ លោកថា កម្មវិធី មានគោលដៅជួយក្នុងសកម្មភាពអប់រំផ្នែកសិល្បៈ ក្នុងន័យចូលរួមលើកកំពស់គុណភាព អប់រំ របស់សិស្សានុសិស្ស នៅកម្រិតបឋមសិក្សាតាមរយៈការបណ្ដុះបណ្ដាលឲ្យមានគំនិតស្រមើលស្រមៃ របស់ពួកគេ ក្នុងរូបភាពពាក់ព័ន្ធនឹងចំណងមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសចិន ដើម្បីពង្រឹងចំណងមិត្តភាពល្អ។
សម្រាប់សកម្មភាពបន្តកិច្ចសហប្រតិបត្តិការនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា និងបង្កើតអោយ មានទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលនឹងជួយដល់កុមារកម្ពុជា ទាំងអស់នេះ អាចមានសក្កដានុពលក្នុងការក្លាយជាអ្នកចូលរួមអភិវឌ្ឍ រវាងប្រទេសទាំងពីរតាមតួនាទីការងារផ្សេងៗ និងបង្កើតអោយមានមានការស្វែងយល់ពីវប្បធម៌ និងការអប់រំផងដែរ។
លោកថា ដើម្បីអោយព្រះរាជាណាចក្រកម្ពុជា មានឱកាសសម្រាប់ចូលរួមឆ្លើយតបទៅនឹងនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ 2015 -2025 តាមរយៈកិច្ចសហប្រតិបត្តិការនេះផងដែរ៕ ដែន សីមា