Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ ក្រសួង​ការងារ​៖ រហូតមកដល់​ពេលនេះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ចំនួន ៤៥០​រោងចក្រ

​ភ្នំពេញ​៖ អ្នកនាំពាក្យ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​លើកឡើងថា រហូតមក​ទល់នឹង​ពេលនេះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ចំនួន ៤៥០ រោងចក្រ បាន​ព្យួរការងារ ខណៈ​ការនាំចេញ​វិស័យ​កាត់ដេរ​នេះ បាន​ធ្លាក់ចុះ ជាង ៥% នៅ​ឆមាស​ទី​១ ឆ្នាំនេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​លោក ហេង សួរ បាន​និយាយថា « ពាក់ព័ន្ធ​ជាមួយ នឹង​តួលេខ​នៃ​ការនាំចេញ សម្រាប់​វិស័យ​កាត់ដេរ​នេះ គឺ បើ​ប្រៀបធៀប ឆ្នាំ​២០២០ ទៅ​ឆ្នាំ ២០១៩ តាម​តួលេខ ដែល​ទទួលបាន​ពី​អគ្គនាយកដ្ឋាន​គយ​ហ្នឹង គឺមាន​ការថយចុះ ៥,៤% ដែល​ឆ្នាំ​កន្លងទៅ យើង​នាំចេញ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ គឺ​ជាង ៤​ពាន់ លាន​ដុល្លារ ប៉ុន្តែ​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ គឺ​ជាង ៣.៧៨៤ លាន​ដុល្លារ​»​។​

​ជុំវិញ​ការធ្លាក់ចុះ​នេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​ការងារ បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែ​បើតាម​ការដកស្រង់​ពី​សារព័ត៌មាន ដោយសារ​តែមាន​ផលប៉ះពាល់​មកពី​ជំងឺ កូ​វីដ​-១៩ ដែល​បានធ្វើ​ឲ្យ​តម្រូវការ​នៃ​ការបញ្ជា ទិញ​សម្លៀកបំពាក់ មានការ​ថយចុះ​ជាស​កល ខណៈដែល​ការថយចុះ នៃ​វិស័យ​កាត់ដេរ គឺ​មិនមែន​តែ​កម្ពុជា​នោះទេ ក្នុងនោះ ក៏មាន​វៀតណាម និង​បង់​ក្លា​ដេ​ស​ផងដែរ​។​

​ជាមួយគ្នានេះ ដើម្បី​ជួយ សម្រួល​បន្ទុក​ដល់​ថៅកែ​រោងចក្រ និង​ជួយ​ដល់ក​ម្មករ ដែល​ត្រូវបាន ព្យួរការងារ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្ដល់ប្រាក់​ឧបត្ថម្ភ ចំនួន ៤០ ដុល្លារ ក្នុង​មួយខែ សម្រាប់​ពួកគេ​ដោយ​ក្នុងនោះ រាជរដ្ឋាភិបាល​មាន​កញ្ចប់ ថវិកា​ប្រមាណ ៦០ លាន​ដុល្លារ ដោយ​រហូត​មកទល់ពេលនេះ មាន​កម្មករ​កម្មការិនី​ប្រមាណ ១៧​ម៉ឺន​នាក់​ហើយ បានទទួល​ប្រាក់ឧបត្ថម្ភ​នេះ​។​

​គួរ​បញ្ជាក់ថា បើតាម​ក្រសួង​ការងារ នៅ​ឆ្នាំ​២០២០​នេះ រោងចក្រ​កាត់ដេរ ដែល​បាន​បិទទ្វារ​លែង​ដំណើរការ មាន​ចំនួន ៨៣​រោងចក្រ ខណៈ កាលពី​ឆ្នាំ ២០១៩ បិទទ្វារ​ចំនួន ៧៥​រោច​ក្រ​។ មន្ត្រី​នាំពាក្យ​រូបនេះ បាន​អះអាង​ទៀតថា បើ​កុំ​តែ មាន​គោលនយោបាយ​លើកទឹកចិត្ត និង​ការសម្របសម្រួល ពី​សំណាក់​រាជរដ្ឋាភិបាល​ទេនោះ ចំនួន​នៃ​ការបិទ​រោងចក្រ នៅ​ឆមាស​ទី​១​នៃ​ឆ្នាំនេះ គឺអាច​នឹងមាន​ការកើនឡើង​ច្រើន​ជាងនេះទៀត​៕
​ដោយ​៖CEN

×