ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ឋដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករ សម្រាប់ថវិកាជាតិចំនួន៦ ៨២០.៤៨ប៊ីលានរៀល (ប្រមាណ ១ ៦៨៤.០៧លានដុល្លារ) ស្មើនឹង៥៩.០៩% នៃផែនការប្រចាំឆ្នាំ។
ចំណូលនេះ បើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩ កើនឡើងចំនួន ៧៣៥,៨២ ប៊ីលានរៀល (ប្រមាណជា ១៨១.៦៨ លានដុល្លារអាមេរិក) គឹស្មើនឹងកំណើនជាង១២ ភាគរយ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០ ចំណូលពី ប្រភេទពន្ធ ២ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះ អាករលើតម្លៃបន្ថែមជាង១ ៣៨៥ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៦៣.៧៩ ប៊ីលានរៀល ប្រមាណ៤.៨៣ ភាគរយ និងពន្ធលើប្រាក់ចំណូលចំនួន ២ ៧១០.១៨ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង៥០៧.២៦ ប៊ីលានរៀល ប្រមាណ២៣,០៣ភាគរយ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹង ថា សម្រាប់ឆ្នាំ២០២០នេះ ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការអនុវត្ត ការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ១១ ៥៤៣.៣១ ប៊ីលានរៀល (ប្រមាណ ២ ៨៨៥,៨៣ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
កាលពីពេល ថ្មីៗនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិកាប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ចំពោះការប្រមូលចំណូល នៅឆ្នាំ២០២១ ខាងមុខនេះ ចំណូលពន្ធដារ នឹងមិនមានសន្ទុះកំណើន ខ្លាំងដូចមុនទៀតទេ ដោយសារតែអាជីវកម្មជាច្រើន រងផលប៉ះពាល់ពីកូវីដ-១៩។ ប៉ុន្ដែ សម្រាប់ចំណូលពន្ធគយវិញ អាចនឹងមានងើបឡើងគួរឲ្យកត់ សម្គាល់ ដោយសារតែ សកម្មភាព សេដ្ឋកិច្ច ស្ទុះងើបឡើងវិញ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ចំណូលពន្ធដារ ប្រមូលបាន ជាង ២.៨១៩ លាន ដុល្លារ កើនឡើង លើសផែនការ ប្រចាំឆ្នាំ២០១៩ ចំនួន ២៣,២០% ។ បើបូកសរុបចំណូល ទាំងពន្ធគយ និងពន្ធដារ កាលពីឆ្នាំទៅ ចំណូលពន្ធ ដែលប្រមូលបានដោយស្ថាប័នជាតិទាំងពីរនេះ មានដល់ទៅ ជាង ៦ ពាន់លានដុល្លារ។ ក្នុងនោះពន្ធគយ ប្រមូលបាន ជាង ៣.២១៥ លាន ដុល្លារ មានកំណើន ៣០% ៕
ដោយ៖CEN